បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់លោក គីម ជុង​អ៊ុន ត្រូវ​គេ​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន លោក គីម ជុង​ណាំ ត្រូវគេ​សម្លាប់​នៅឯ​អាកាសយានដ្ឋាន​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​ជាទី​ដែល​លោក​ត្រូវ​បន្តដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​។​
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា លោក គីម ជុង​ណាំ ជា​កូនប្រុស​ច្បង​នៃ​អតីត​មេដឹកនាំ​កំពូល​របស់​ទីក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ីល ត្រូវបាន​គេ​សម្លាប់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះដែរ មូលហេតុ​ស្លាប់​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នោះទេ ខណៈ​ការសន្និដ្ឋាន​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យគេ​សម្លាប់​បងប្រុស​របស់ខ្លួន​ឯង​។
​ដោយឡែក​ទាក់ទិន​នឹង​ព័ត៌មាន​នេះដែរ ស្ថានីយទូរទស្សន៍​ខ្សែកាប TV Chosun បាន​រាយការណ៍​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​លួច​បំពុល​ឱ្យស្លាប់ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Kuala Lumpur ដោយ​ស្ត្រី​ពីរ​នាក់ ដែល​គេ​ជឿជាក់ថា ជាទី​ភ្នាក់ងារ​ចារកិច្ច កូរ៉េខាងជើង​ទទួលបញ្ជា​ពី​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ហើយ​បច្ចុប្បន្ន ស្ត្រី​ទាំងពីរ​នាក់​នេះ​កំពុង​រត់គេចខ្លួន​។​
​គួរ​បញ្ជាក់ថា សារព័ត៌មាន​កូរ៉េខាងត្បូង ក៏​ធ្លាប់បាន​រាយការណ៍​ដែរ​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​ប៉ុនប៉ង​សម្លាប់​មិនបាន​សម្រេច​ម្ដង​រួចមកហើយ នៅក្នុង ទីក្រុង​ម៉ា​កាវ​។ មួយវិញទៀត នៅ​កាលណោះ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យគេ​សម្លាប់​រូបលោក ដោយសារតែ​រឿង​ការ ជ្រើសតាំង​មេដឹកនាំ​កូរ៉េខាងជើង​ថ្មី ជំនួស​លោក គីម ជុងអ៊ីល តែ​ទីភ្នាក់ងារ​ចារកិច្ច​ចិន បាន​រារាំង​ការប៉ុនប៉ង​ធ្វើឃាត​នេះ​ទាន់ពេលវេលា​៕

fn-2017-02-14-19-15-32-0