ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីត២គ្រឿង តែងតែលួចឆ្មក់ដឹកចូលខេត្ត ដើម្បីស្តុក និងបន្តទៅកាន់ប្រទេសវៀតណាម។ ការបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ក្បែរគល់ស្ពានសេកុង ក្រុងស្ទឹងត្រែង។
បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា រថយន្តសាំយ៉ុងទាំង២គ្រឿងខាងលើនេះតែងតែលួចឆ្មក់ដឹកឈើប្រណីត ចេញពីស្រុកសៀមប៉ាង ក្នុងគោលបំណងយកទៅស្តុកក្នុងខេត្ត រួចសាងបន្តទៅឲ្យរថយន្តសាំយ៉ុងរថឈ្នួល ដឹកអ្នកដំណើរពេលទៀបភ្លឺ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
មន្ត្រីដដែលបញ្ជាក់ថា ជាមួយគ្នានេះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនតៃកុងបើកបរម្នាក់ផងដែររួចបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរទៀត៕