ម៉ាឡេស៊ី៖ប៉ូលិសម៉ាឡេស៊ីកាលពីម្សិលមិញបានប្រកាសថា មានជនជាតិកូរ៉េខាងជើងចំនួន៤នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក គីមជុងណាំ ដែលត្រូវជាបងប្រុសលោក គីម ជុងអ៊ុន។
ប៉ូលិសបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើនេះបានចាកពីប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយដែលមានអំពើឃាតកម្មលោក គីម ជុងណាំ នៅឯអាកាសដ្ឋានទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ ប៉ូលិសបន្ថែមថា មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈការសង្ស័យកាន់តែច្បាស់ថា កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះ។ ទន្ទឹមនោះជនសង្ស័យ ដែលជាជនជាតិកូរ៉េខាងជើងទាំងបួននាក់ខាងលើនេះ ប៉ូលិលម៉ាឡេស៊ីកំពុងស្វែងរកចាប់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់រួចហើយត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួន ក្រោយអំពើឃាតកម្មនោះរួមមានស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាមដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah និងមិត្តប្រុសជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងរដ្ឋធានីគូឡាឡាំពួរ៕