រាជធានីភ្នំពេញ៖នារីវ័យក្មេងម្នាក់ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខក្រសួងការពារជាតិ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកស្តុបពី ពណ៌ស ស្លាកលេខកំពង់ចាម 1J-9626 ធ្វើដំណើរតែម្នាក់ឯងតាមវិថីសហពន្ធ័រុស្ស៊ី លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនស្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបនាងបាត់បងសម្ភារៈជាច្រើន និងបណ្តាលឲ្យរូបនាងដួលម៉ូតូ ហើយបោកក្បាលទៅនឹងថ្នល់មួយទំហឹងហូរឈាមស្រោចក្បាលសន្លប់បាត់ស្មារតីតែម្តង។ ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច ក្រុមចោរនោះបានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល។
ក្រោយកើតហេតុប្រជាពលរដ្ឋនៅម្តុំនោះបានហៅរថយន្តសាមុយ ដើម្បីឲ្យមកយកនារីរងគ្រោះទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចបានចុះមកយកម៉ូតូនារីរងគ្រោះទៅរក្សាទុក៕