លោក យុង ផានិត ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ​ជួប​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក យុង ផានិត ត្រូវបាន​គណៈមេធាវី​តែងតាំង​ឲ្យ​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ជួប សម្លាប់ ដែលជា​ជនសង្ស័យ​បាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​លេចធ្លោ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ។​
​លោក យុង ផានិត ធ្លាប់បាន​បំពេញការងារ​ជា​មេធាវី និង​បាន​ការពារ​ក្ដី​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ព្រហ្មទណ្ឌ​មួយចំនួន​ហើយ​លោក​បានធ្វើការ​ចាប់តាំងពី​ឆ្នាំ ១៩៩៦ មកម្ល៉េះ ជាពិសេស​លោក​ក៏​ធ្លាប់បាន​ធ្វើជា​មេធាវី​ការពារ​ក្តី និង​ជា​មេធាវី​នៅ​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ភាគី​ស៊ីវិល​ផងដែរ​។​
​លោក យុង ផានិត បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ប្រសិនបើ​ករណីនេះ​វា​មាន​ភាពស្មុគស្មាញ​ខ្លាំង​លោក​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​ឲ្យ​បានច្បាស់លាស់​រឿងក្តី​នេះ​បន្ថែម ។ លោក​បន្តថា ចំពោះ​ករណីនេះ លោក​អាច​នឹង​ជួបពិភាក្សា​ជាមួយ​កូនក្តី​ដើម្បី​ស្នើ​សុំឱ្យ​តុលាការ​ពន្យារពេល​បើក​សវនាការ​ដើម្បី​ឲ្យ​លោក​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​អំពី​សំណុំ​រឿងនេះ​ឲ្យ​បាន​ច្បាស់​ហើយ​លោ​កថា​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ការពារ​កូនក្តី​លោក​។​
​ទាក់ទង​រឿងក្តី​ខាងលើនេះ យ៉ាងហោចណាស់​ក៏មាន​មន្ត្រី CNRP ម្នាក់​និង​អ្នកវិភាគ​នយោបាយ​ម្នាក់​បានគេច​ខ្លួន និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារតែ​បាន​និយាយ​ចោទប្រកាន់​ទៅលើ​បក្ស​កាន់អំណាច​ថា បានរៀបចំ​គម្រោង​សម្លាប់​លោក កែម ឡី ៕

eout_ang