អ្នករត់ម៉ូតូឌុប​ម្នាក់​កំពុង​ចាំ​ម៉ូយ​សុខៗ​ដួល​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2017 ក+ ក-

​ភ្នំពេញ​៖​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នា​ក់ខ​ណៈ​ពេល​កំពុង​អង្គុយចាំ​ដឹក​ម៉ូយ​នៅក្បែរ​ការដ្ឋាន​សំណង់​មួយកន្លែង ស្រាប់តែ​ក្អួត​ធ្លាក់ឈាម​ហើយ​បាន​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឡើង កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រា​ជនី​ភ្នំពេញ​។​
​បុរសរងគ្រោះ​ខាងលើ​នោះ​មានឈ្មោះ កៅ គ​ន្ធី អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប គាត់​ជា​បុរស​ពោះម៉ាយ ដែល​ប្រពន្ធ​គាត់​បាន​មាន​ស្នហ៍​ថ្មី និង​បាន​ចាក​ចេញពី​គាត់​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ បុរស​នោះ មាន​ទីលំនៅ​ក្បែរ​ចំណុចកើតហេតុ​ខាងលើ​។​
​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹងថា បុរសរងគ្រោះ​ខាងលើ​មាន​ជម្ងឺ​ក្រិន​ថ្លើម ដោយសារតែ គាត់​មាន​វិបត្តិ​ផ្លូវចិត្ត ប្រពន្ធ​របស់គាត់​មាន​ស្ន​ហ៏​ថ្មី ហើយ​បាន​ចាក​ចេញពី​ជីវិត​របស់គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ គាត់​ខូចចិត្ត បាន​យក​ស្រា​ធ្វើជា​ត្រីមុខ ដោយ​មួយថ្ងៃៗ​គិតតែ​ពី​ផឹកស្រា មិនសូវ​ហូបបាយ​ឡើយ រហូត​ធ្វើ​ឲ្យ មាន​ជម្ងឺ​ក្រិន​ថ្លើម​។​មិនតែប៉ុណ្ណោះ​ក្រោយ​ពេលដែល​ប្រពន្ធ​ចាកចោល​ទៅ បុរស​នោះបាន​ស្នាក់នៅ​ជាមួយ ម្ដាយ​និង​បងប្អូន ហើយ​បាន​ប្រកប​របរ​រត់​ម៉ូតូឌុប​ទាំង​ខ្លួន​មាន​ជម្ងឺ និង​បាន​សំកុក​ចាំ​ដឹក​ម៉ូយ នៅត្រង់ចំណុច កើតហេតុ​នោះ​រាល់ថ្ងៃ​ទៀតផង​។ ដោយឡែក​នៅវេលា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈពេល​កំពុង អង្គុយចាំ​ដឹក​ម៉ូយ គាត់​បាន​ហូប​ភេសជ្ជៈ​បា​កាស អស់​១​កំប៉ុង​ហើយ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ក្អួត ធ្លាក់ឈាម រួច​ក៏បាន​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​តែម្ដង​។​
​ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ក្រោយពេល​កើតហេតុ សាកសព​សត្រូវ​បាន ក្រុមគ្រួសារ​នាំយកទៅ​កាន់​លំនៅដ្ឋាន និង​បានផ្ដល់​ព័ត៌មាន​ជូន​នគរបាល ឲ្យ​ចុះទៅ​ជួយ​ពិនិត្យ​កោសល្យ វិច័យ រួច​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16832805_1836592579912637_1623417662_o16879994_1836592583245970_1055960355_o