ដោយ៖វិធិន
ក្រចេះ៖ស្ត្រីចំណាស់ម្នាក់ ត្រូវជនដៃដល់មិនស្គាល់មុខ លបវាយនឹងដំបងឈើជ្រុងដល់លើផ្ទះ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ាប គឹមហេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយច្រកស្ករនៅលើផ្ទះ នៅពីរនាក់បងប្អូនជីដូនមួយឈ្មោះ វង ណាន ភេទស្រី អាយុ៨៨ឆ្នាំ (ជរា) ខណៈដែលឈ្មោះវង ណាន ដេកលង់លក់ ស្ត្រីរងគ្រោះ ក៏បានស្រែកហៅឲ្យជួយព្រោះត្រូវគេវាយនឹងដំបងចំក្បាលបណ្តាលឲ្យបែក ។
ប្រភពដដែល បានបន្តថា ពេលនោះដោយសារបងជីដូនមួយឈ្មោះ វង ណាន ត្រចៀកថ្លង់ស្តាប់អត់ឮ ស្ត្រីរងគ្រោះក៏លូនទៅកន្លែង ឈ្មោះ វង ណានដេក ហើយឈ្មោះ វង ណាន ក៏បានចាប់ដៃស្ត្រីរងគ្រោះ មានសភាពត្រជាក់ និងស្ទាបក្បាល មានឈាម ក៏បានស្រែកហៅកូនក្មួយដែលរស់នៅជិតគ្នាអោយជួយ ហើយ និងបញ្ចូនស្ត្រីរងគ្រោះ មកមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏ត្រូវបញ្ចូនបន្តទៅមន្ទីរបង្អែកខេត្តក្រចេះតែម្ដង ។
បន្ទាប់ពីទទួលបានពត័មានអំពីករណីខាងលើភ្លាម កម្លាំងនគរបាលជំនាញស្រុកសំបូរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញា ដែលវាយទៅលើស្ត្រីរងគ្រោះឲ្យរងរបួសអត់ដឹងមូលហេតុ ។ នៅកន្លែងកើតហេតុមានបន្សល់ឈើបួនជ្រុងលើផ្ទះជនរងគ្រោះមួយកំណាត់ និងនៅកាំជណ្ដើរមួយកំណាត់៕