រាជធានីភ្នំពេញ៖តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានស្នើឲ្យសារព័ត៌មានដើមត្នោតបង្ហាញឈ្មោះជំនួយការជានាយទាហានចំនួន២០នាក់របស់លោក ដែលសារព័ត៌មានដើមត្នោតចុះផ្សាយនៅថ្ងៃទី២២កុម្ភៈ ខណៈដែលការចុះផ្សាយនោះត្រូវបានលោក ហ៊ុន ម៉ាណែត អះអាងថា មិនមែនជាការពិត។
សូមជម្រាបថា សារព័ត៌មានដើមត្នោត បានចេញផ្សាយដោយដាក់ចំណងជើងថា៖ «កូនប្រុសច្បងបុរសខ្លាំងដែលជាទាហានពាក់ផ្កាយ៣ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មានទាហានជាង២០នាក់ជាជំនួយការ» ។ ប៉ុន្តែព័ត៌មាននោះត្រូវបានលោក ហ៊ុន ម៉ាណែត ច្រានចោលដោយចាត់ទុកជាព័ត៌មានមិនពិត ។
លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុកថា «ដល់ខួបបង្កើតរឿងប្លែកៗទៀតហើយ។ គ្រាន់តែចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺបើកទូរស័ព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មាន ប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេ ដោយថាខ្ញុំមានជំនួយការដល់ទៅជាង ២០នាក់ហើយ ពាក់សុទ្ធតែសក្តិ៥។ អានភ្លាមខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាលរហូតដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មី ដែលធ្វើឲ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត។ ពេលជាមួយគ្នាខ្ញុំក៏ឆ្ងល់ថា តើជំនួយការរបស់ខ្ញុំសក្តិ៥ ទាំង២០នាក់ជាងនោះមក ពីណាហើយមានឈ្មោះអ្វីខ្លះ? ។
លោក ហ៊ុន ម៉ាណែត បន្តថា ខ្ញុំក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ ៣ ដងហើយខំប្រឹងមើលថា តើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោលគឺមាន បង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញ ជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង ២០នាក់ដែលសុទ្ធតែជាសក្តិ៥។ លោកបន្ថែមថា ដើម្បីឲ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាអោយអ្នកអានព័ត៌មានដើមត្នោត បានឃើញការពិត ខ្ញុំសូមអោយសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអញ្ចឹង។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើសារព័ត៌មានដើមត្នោតធ្វើបានដូច្នេះវានឹងជួយអោយខ្ញុំអស់ឆ្ងល់ និងឲ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោត បានទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថា ជាសារពត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ។ ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឲ្យសារពត៌មានដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មាន ដែលមានលក្ខណ:ជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើ នោះគឺកែសម្រួលខ្លឹមសារពត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារឬភស្តុតាងគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ពត៌មានដែលខ្លួនបានចុះផ្សាយនោះទេ ។
លោក ហ៊ុន ម៉ាណែត បានបង្ហាញនូវការជឿជាក់ថា បងប្អូនជាច្រើននាក់ប្រាកដជា សង្ឃឹមដូចខ្ញុំដែរថា សារពត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នានឹងបានដឹងការពិត ហើយក៏អាចឃើញថាសារពត៌មានដើមត្នោតជាសារពត៌មានប្រភេទណា៕