ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមក្មេងទំនើងចំនួន១៧នាក់ត្រូវបានក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរខេត្តដើម្បីសាកសួរនិងធ្វើតេសរកសារធាតុញៀន។
លោក ឈឿង គឹមសុង នាយក្រុមអន្តរាគមន៍បង្កាបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ថា ដោយមើលឃើញពីភាពអនាធិបតេយ្យនៅក្រុងបាត់ដំបងដែលនិងកំពុងមានការកើនឡើងនិងយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៍ដូចជាលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រមទណ្ឌផងនោះនៅវេលាម៉ោង 00 និង៣០នាទីរហូតដល់ម៉ោង៣ និង២០នាទីទាបភ្លឺឈានចូលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៧ លោកបានដឹកនាំកម្លាំងចុះល្បាតតាមទីសាធារណៈក្នុងក្រុងបាត់ដំបងបានធ្វើការឃាត់នាំខ្លួនក្រុមក្មេងទំនើងបានចំនួន១៧នាក់បញ្ជូនមកកាន់ស្នងការខេត្តដើម្បីសាកសួរ។
លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរជាបឋមរួចមកក្នុងចំណោមក្រុមក្មេងទាំង១៧នាក់ក្នុងនោះមានបីក្រុម៖ទី១ក្រុមក្មេងទំនើងជិះម៉ូតូស្រវឹងស្រាស្រែកឡូឡាតាមផ្លូវសាធារណៈបែបអនាធិបតេយ្យ។ ទី២ក្រុមក្មេងទំនើងដែលប្រមូលប្តុំបក្សពួ ពពាក់ពពូនជាបក្សនៅលើសួនច្បារសាធារណៈ និងទី៣ក្រុមក្មេងទំនើងបង្កហិង្សាដេញកាប់គ្នាំនៅពេលយប់។ លោកបន្តថា ក្រោយពីធ្វើការសាកសួរជាបឋមក្នុងចំណោម១៧នាក់មានចំនួន១០នាក់បានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀន។
លោកបញ្ជាក់ថា ចំពោះវត្ថុតាងដកហូតបានរួមមាន៖ម៉ូតូចំនួន៤គ្រឿង និងកាំបិតចំនួន៥ដើម។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១៧នាក់កំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត៕
ឃាត់ខ្លួនក្រុមក្មេងទំនើង១៧នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនមកស្នងការខេត្ត