ដោះលែង​ខ្មែរ ទុក​វៀតណាម​ករណី​បទល្មើស​ព្រៃឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អះអាងថា ជនជាតិខ្មែរ​៥​នាក់ ត្រូវបាន​អប់រំ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ខណៈ​ជនជាតិ​វៀតណាម​៧​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​លួច​ឆ្លងដែន​ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី ។​
​ពាក់ព័ន្ធ​ករណីនេះ គឺ​នៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​កិច្ចប្រតិបត្តិការ​ទ្រុងទ្រាយ​ធំ​មួយ បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ភូមិ​កូន​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដោយ​ចាប់យក​វត្ថុតាង​ឡាន​រេ​វ​ចំនួន​៨​គ្រឿង រណារយន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​១២​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​៧​នាក់ ។​
​លោក អេង ហ៊ី អ្នកនាំពាក្យ PM ថ្លែងថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង និង​ដឹកនាំ​កម្លាំង​ចូលក្នុង​ព្រៃ​ប្រមាណ​១៣០​នាក់ ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​
​លោក អេង ហ៊ី បញ្ជាក់ថា នៅ​ព្រលឹម​ស្រាងៗ ថ្ងៃទី​២១ ខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ បាន​ចូល​ក្នុងព្រៃ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ចំណុច​អូរ​ហ៊ុ​ច បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ជា​ករណី​បទល្មើស​ជាក់ស្តែង​។ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវបាន​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ ។ ចំណែក​ជនជាតិខ្មែរ​ចំនួន​៥​នាក់ បានធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ៕

fn-2017-02-23-14-36-47-7fn-2017-02-23-14-36-45-1 fn-2017-02-23-14-36-46-4fn-2017-02-23-14-36-47-8