រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៣រូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីគណៈកម្មាធិការនាយកគណបក្ស កាលពីម្សិលមិញ ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្ត្រីទាំង៣រូបនោះរួមមាន៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ, លោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ និងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យមន្ត្រីទាំង៣រូបនោះបានបញ្ជាក់ថា លិខិតរបស់ លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង លោក មាជ សុវណ្ណារ៉ា បានផ្តិតមេដៃ នៅចំពោះមុខមេធាវីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា មូលហេតុនៃការលាលែងនេះដោយសារតែបញ្ហាផ្ទាល់ខ្លួន ។ ចំណែកលិខិតសុំលែងទាំងអស់នោះក៏បានផ្ញើជូនលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក របស់គណបក្សសង្គ្រោះជាតិ រួចរាល់ហើយដែរ៕