ស្ត្រី​ម្នាក់​យក​សព​កូនស្រី​ទៅ​បូជា​ត្រូវ​អ្នក​ភ្លុក​ឃាត់ និង​រាយការណ៍​ជូន​នគរបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017 ក+ ក-

​ភ្នំពេញ​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈពេលដែល​នគរបាល​បានទទួល​ព័ត៌មាន​ពី លោក​តែ​អាចារ្យ​និង​អ្នក​ភ្លុក​ថា មាន​ស្ត្រី​ម្នាក់​បាន​យក​សព កូនស្រី​របស់ខ្លួន​ទៅ​ដាក់​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ប៉ុន្តែ​ពេលនោះ​ពួកគាត់​សួររក​លិខិតស្នាម​អត់​មាន ទើប​ឃាត់​មិន​ឲ្យ​បូជា​ហើយ​បាន ផ្ដល់ព័ត៌មាន​ជូន​នគរបាល​តែម្ដង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ និង​កា​កាប​បាន​ចុះទៅ​កាន់ វត្ត​តាំង​កសាង​ខាងត្បូង​និង​បន្ទប់​ដែល​ស្ត្រី​រូបនោះ​ស្នាក់នៅ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ភ្លាមៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​រឿង​ផ្សេងទៀត​។​
​ស្ត្រី​ដែល​បាន​យកស​ពកូន​ទៅ​បូជា​នោះ​ឈ្មោះ ណុប ស្រី​ពៅ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ស្ទោង ឃុំ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ស្នាក់នៅ​បន្ទប់​លេខ​២​ជាន់​ផ្ទាល់ ដី​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​កូនស្រី​ដែល​ស្លាប់​នោះ​ឈ្មោះ ណុប ស្រី​ពេជ្រ អាយុ​៣​ខែ ហើយ​ការស្លាប់​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ដឹងស្លាប់​ក្រោយពេល ដែល​ស្ត្រី​រូបនោះ​និង​ស្ត្រី​ម្នាក់ទៀត ដែលជា​ប្រពន្ធ​ម្នាក់ទៀត​របស់​ប្ដី​នាង​ដែរ មានទំនាស់​វាយតប់​គ្នា​រួចមក​។ ពេលនេះ​បុរស​ជា​ប្ដី និង​ស្ត្រី​ម្នាក់​ដែល​អះអាងថា​ជា​ប្រពន្ធ​ដែរនោះ បានគេច​ខ្លួន​បាត់ស្រមោល​ផងដែរ ដោយ​មិនទាន់​ដឹងថា ការស្លាប់​របស់​ក្មេងស្រី​ខាងលើ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ពួកគេ​ឬ​អត់​នោះទេ​។​
​ក្រោយ​ពេលដែល​កម្លាំង​នគរបាល​ចុះ​សួរនាំ ស្រី​រូប​នោះបាន​និយាយថា នាង​បាន​យក​បុរស​ម្នាក់​ធ្វើជា​ប្ដី កាលពី​ជា​១​ឆ្នាំមុន ដោយ​មិនបាន​រៀបការ​តាម​ប្រពៃណី​នោះឡើយ ហើយ​នាង​ក៏​មិន បានដឹងថា​ប្ដី​មាន​នាម ត្រកូល​អ្វី​និង​មាន​ទីលំនៅ​ក្នុងភូមិ​និង​ឃុំ​ណា​ដែរ គ្រាន់តែ​ដឹងថា​គាត់​ឈ្មោះ​យ៉ា អាយុ​៣៦​ឆ្នាំ រស់នៅក្នុង ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ប៉ុណ្ណោះ​។​
ក្រោយពេល​សាង​ស្នេហ៍ រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​ជាង ១​ខែ នាង​បាន​មាន​ផ្ទៃពោះ​១​ខែ​នោះ​តែម្ដង ចំណែកឯ​លោក​ប្ដី​វិញ បន្ទាប់ពី​បានដឹងថា​នាង​មាន​ផ្ទៃពោះ ក៏បាន​ចាក​ចេញទៅ​មាន​ស្រី​ថ្មី​ម្នាក់ទៀត​ចោល​នាង​បាត់​គ្មាន​អាល័យ ខណៈនោះ​នាង​បាន​ពរ​ពោះ​ឆ្លងកាត់ ការលំបាក​គ្រប់បែបយ៉ាង រហូត​កូន​ក្នុង​ផ្ទៃ​សម្រាល​មក ដែល​រហូត​ពេលនេះ​មាន​អាយុ​៣​ខែ​ទៅហើយ ស្រាប់ តែ​នៅ​មុនពេល​កើតហេតុ​២​ថ្ងៃ ស្រាប់តែ​លេចមុខ​ប្ដី​ត្រឡប់មកវិញ និង​បាន​សុំ​នាង​រួមរស់​ជាមួយគ្នា​វិញ ហើយ​នាង​ក៏បាន​យល់ព្រម​។​
​ស្ត្រី​នោះបាន​បន្តថា នាង​និង​ប្ដី​បាន​រួមរស់​ជាមួយគ្នា​បាន​រយៈពេល​២​ថ្ងៃ រហូតដល់​វេលាយប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ប្ដី​បាន​ប្រើ​ឲ្យ​នាង​ទី​រក​ទិញ​ស្រា​ឲ្យ​ផឹក នាង​ក៏បាន​ទៅ​ទិញ​ឲ្យ​ហើយ​ក្រោយពេល​ប្ដី​ផឹក​អស់ ក៏បាន​ប្រើ​នាង​ទៅ​ទិញ​ម្ដងទៀត ខណៈនោះ​នាង​ក៏បាន​ទៅ​ទិញ​។ លុះ​ពេល​ត្រឡប់មកវិញ បានឃើញ​ស្ត្រី​ម្នាក់ ដែលជា​ប្រពន្ធចុង​ប្ដី​កំពុង​ស្ថិតនៅក្នុង​បន្ទប់​នោះដែរ ចំណែក​កូន​នាង​នៅមាន​ជីវិត​ធម្មតា​ទេ ហើយ​ខណៈ បាន​ជួប​មុខ​គ្នា​នាង​និង​ប្រពន្ធចុង​ប្ដី ក៏បាន​មានទំនាស់​គ្នា​រហូត​ឈានដល់ ការ​វាយតប់​គ្នា​នៅក្រៅ​បន្ទប់​ជួល មួយ​ប្រាវ​។ ប៉ុន្តែ​ពេលនោះ​មានការ​ស្ងប់ស្ងាត់​ទៅវិញ ដោយបាន​អ្នកជិតខាង​ឃាត់ ហើយ​នាង​ក៏បាន​ចូលទៅ ក្នុង​បន្ទប់​វិញ និង​មើល​កូន​នៅរស់​ដដែល​ទេ ចំណែក​ប្រពន្ធចុង​ប្ដី​ស្ថិត​នៅក្រៅ​បន្ទប់ បន្ទាប់មក​នាង​បាន​ចូល ទៅក្នុង​បន្ទប់ទឹក​មួយសន្ទុះ លុះ​ពេលចេញ​មកវិញ មើល​កូន​មិនឃើញ​កម្រើក នាង​ក៏បាន​សួរ​បុរស​ជា​ប្ដី​ថា ម៉េច​បានកូន​អត់​កម្រើក​ត្រូវ​ប្ដី​ប្រាប់ថា កូន​ដេកលក់​ហើយ​ពេលនោះ​នាង​ក៏បាន យក​កូន​ទៅ​ដេក​ឱប​និង​បាន ដេកលក់​រហូតដល់​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ទើប​មើល​កូន​ម្ដងទៀត ហើយ​ឃើញ​អត់​កម្រើក​ដដែល ទើប​ហៅ​ឲ្យ​អ្នកជិតខាង​ជួយ​មើល ទើប​ដឹងថា​កូន​ស្លាប់បាត់​ហើយ ចំណែកឯ បុរស​ជា​ប្ដី​និង​ប្រពន្ធចុង​ក៏​គេច​បាត់​ទៀត មិនដឹងថា​កូន​នាង​ត្រូវ​អ្នក​ទាំងពីរ​នោះ​សម្លាប់​ឬ​បែបណា​ទេ ហើយក៏​មិនដឹងថា​គេច​បាត់​តាំងពី​ពេលណា​នោះឡើយ​។​លុះ​ព្រឹក ឡើង​នាង​បាន​យកស​ពកូន​ទៅ​បូជា ប៉ុន្តែ​ត្រូវបាន​លោកតា​អាចារ្យ​ឃាត់ និង​រាយ​ការ​ណ៏​ជូន​នគរបាល ឲ្យ​ទៅ​មើល​ទើប​មានការ​ភ្ញាក់ផ្អើល​បែបនេះ​៕

16997024_1837804939791401_983018315_n16990412_1837804943124734_181566245_o16996546_1837804946458067_93573628_n