សៀមរាប៖ មន្ដ្រីអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ខ្លួនបានពង្រឹងកងកម្លាំងសន្ដិ សុខ(ឆ្មាំ)បន្ថែមទៀត ដោយមានចំនួនជិត១ពាន់នាក់ ដាក់នៅតាមប្រាសាទបុរាណខ្មែរ ដើម្បីការពារជនខិលខូច លួចចូលថតរូបអាសអាភាស ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរនៅតំបន់អង្គរ។
ការពង្រឹងនេះ ក្រោយពេលដែលស្ថាប័ននេះចាប់បានជនរទេសសចំនួន៥នាក់ មកលួចថតរូបអាសអាភាសនៅតាមប្រាសាទព្រះខ័ន និងប្រាសាទបន្ទាយក្ដី ជាបន្ដបន្ទាប់។ លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី ១០ ឃែកុម្ភៈថា ឆ្មាំ១.០០០នាក់នោះដាក់តាមប្រាសាទបុរាណគ្រប់ទីកន្លែងដោយគ្រាន់តែ កន្លែងសំខាន់ខ្លះៗមានកម្លាំងច្រើនជាងគេ និងកន្លែងខ្លះតិច ដើម្បីយាមកាមតាមឃ្លាំមើលពីសកម្មភាពមិនប្រក្រតីរបស់ភ្ញៀវទេសចរមួយ ចំនួន និងការពារមិនឲ្យពួកគាត់ប៉ះពាល់ដល់វត្ថុបុរាណ និងចូលតំបន់ហាមឃាត់ដែលនាំឲ្យគ្រោះថ្នាក់ដល់ពួកគាត់។
លោកស្រីបន្តថា នៅតាមប្រាសាទនីមួយៗមានកម្លាំងយាមកាមចាប់ពេលពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៥ និង៣០ល្ងាច ប៉ុន្ដែលោកស្រីថា មិនមានឆ្មាំដាក់នៅតាមប្រាសាទបុរាណក្នុងព្រៃនោះទេ ដោយមានកម្លាំងព្រៃឈើជាអ្នកការពារ។ លោកស្រីបន្ថែមថា ដីឧទ្យានបេតិកភណ្ឌពិភពលោកនេះដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានប្រមាណ៤ម៉ឺនហិកតាឯណោះ។
សូមរំលឹកផងដែរថា អាជ្ញាធរជាតិអប្សរា បានធ្វើការសហការជាមួយនគរបាលបេតិកភណ្ឌ និងនគរបាលទេសចរ ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងនោះជនជាតិបារាំង៣នាក់និងស្ត្រី ជាជនជាតិអាមេរិកចំនួន២នាក់បញ្ជូនទៅតុលាការ ខណៈដែលពួកគេ លួចថតរូបអាក្រាតកាយ នៅតំបន់ប្រាសាទបន្ទាយក្ដី និងប្រាសាទព្រះខ័នរបស់ខ្មែរ កាលពីពេលកន្លងទៅ។
ជនបរទេសទាំង៥នាក់នោះ ត្រូវបានតុលាការខេត្តសៀមរាប ដាក់ព័ន្ធនាគារក្នុងម្នាក់ៗ៦ខែ និងពិន័យជាប្រាក់១លានរៀល និងហាមមិនឲ្យស្នាក់នៅប្រទេសកម្ពុជារយៈពេល៤ឆ្នាំផងដែរ ដោយចោទពីបទជួញដូររូបភាពអាសអាភាស នៃច្បាប់ស្ដីពីការជួញដូរផ្លូវភេទ និងធ្វើអាជីកម្មផ្លូវភេទ៕fpm