ពលករ​ខ្មែរ​២​នាក់​ធ្លាក់​ពីលើសំណង់​អគារខនដូ​ស្លាប់​នៅ​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​បន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​២​រូប​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ដោយសារ​ធ្លាក់​ពីលើ​អគារ​កំពស់​៣៩​ជាន់ នៅក្នុង​ប្រទេស​ថៃ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម្សិលមិញ ស្ថិតនៅ​ទីតាំង​ខន​ដូ​មី​នៀម មួយកន្លែង​នៅក្នុង ស្រុក​បាង​យ៉ៃ ខេត្ត​ណុន​ថៈ​បុរី ប្រទេស​ថៃ​។​
​ពលករ​ខ្មែរ​ទាំង​២​រូប​ត្រូវបាន​គេ​រាយការណ៍​ថា មានឈ្មោះ ភឿន ស៊ិន ភេទ​ប្រុស និង​ម្នាក់ទៀត​ឈ្មោះ មូល កុសល ភេទ​ប្រុស មាន​អាយុ​២២​ឆ្នាំ​ដូចគ្នា ហើយ​ពួកគេ​ទាំង​២​នាក់​ធ្វើការ​ជាជាង​ឈើ​នៅ​ទីតាំង​កើតហេតុ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ឡើងទៅ​ធ្វើការ​នៅ​ជា​ន់ទី​៣៩ ដើម្បី​តុបតែង​គ្រឿង​សង្ការ​រឹម​ធ្វើ​ពី​ឈើ លុះ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​ធ្លាក់​ពីលើ​អាគារ​នោះ​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​តែម្តង​។​
​ក្រោយ​កើតហេតុ កំលាំង​តម្រួត​ថៃ​បាន​ចុះមក​ធ្វើការ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​រក​មូលហេតុ​នៃ​ការធ្លាក់ ហើយ​បច្ចុប្បន្ន​សព​ពលករ​ទាំងពីរ​នាក់​ត្រូវ​បានរៀបចំ​ចាត់ចែង​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើការ​បញ្ជូន​មកកាន់​ស្រុកកំណើត​របស់គេ​វិញ​៕

h4-2-768x586h-3-576x1024h3-3-576x1024