បាកដាដ៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានថ្លែងថា កងទ័ពអាកាសរបស់អ៊ីរ៉ាក់បានទៅលើតំបន់ព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដោយមានកិច្ចសហការជាមួយទីក្រុងដាម៉ាស់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាមួយគ្នានេះទីក្រុងម៉ូស៊ុល ដែលជាមូលដ្ឋានស្នូលរបស់ក្រុម ISIS វិញក៏កំពុងតែត្រូវបានកងទ័ពអ៊ីរ៉ាក់វាយរំដោះជាបណ្តើរផងដែរ តាមរយៈការវាយកាន់កាប់មកវិញនូវតំបន់សំខាន់ៗ ដូចជាព្រលានយន្តហោះ និងមូលដ្ឋានទ័ពជាដើម។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក al-Abadi បានថ្លែងបញ្ជាក់ថា «វីរៈបុរសលើដែនអាកាសរបស់យើងបានបើកការវាយប្រហារសងសឹកទៅលើក្រុមភេរវករ ដោយទទួលបាននូវជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើល»។ លោកបន្ថែមថា ការវាយប្រហារត្រូវបានកងទ័ពអ៊ីរ៉ាក់អះអាងថា ធ្វើឡើងទៅលើមូលដ្ឋានផលិតគ្រាប់បែកសម្រាប់បំផ្ទុះលើរថយន្តរបស់ក្រុម ISIS នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់យន្តហោះទំនើប F16 ក្នុងប្រតិបត្តិការ ខណៈអាមេរិកក៏បានជួយក្នុងរឿងនេះដែរ តាមរយៈការផ្តល់ព័ត៌មានសម្ងាត់។
គួរបញ្ជាក់ថា ការវាយប្រហារនេះគឺជាលើកដំបូងដើម្បីជាការសងសឹកទៅនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុននៅទីក្រុងបាកដាដដែលបានសម្លាប់ប្រជាជនអ៊ីរ៉ាក់ជាច្រើននាក់ស្លាប់ និងរងរបួស៕