ម៉ាឡេស៊ី៖អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ស្ត្រីឥណ្ឌូណេស៊ី និងវៀតណាម ដែលជាប់សង្ស័យបាញ់សារធាតុពុលសម្លាប់លោក គីម ជុងណាម អះអាងថា រូបនាងត្រូវបានគេជួលក្នុងតម្លៃលុយ៩០ដុល្លារ ដោយពួកគេមិនស្គាល់លោក គីម ជុងណាម និងគិតស្មានថា បានចូលរួមសំដែងក្នុងកម្មវិធីកំសាន្តរបស់ទូរទស្សន៍។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថា លោក គីម ជុងណាមបានស្លាប់ យ៉ាងវេទនា នៅ២០នាទីក្រោយរងសារធាតុពុល VX ដែលជាអាវុធគីមីសម្លាប់មនុស្សដ៏កាចសាហាវ និងដែលហាមបិទខ្ទប់ដោយអង្គការសហប្រជាជាតិ។
តាមរូបភាពវីដេអូរបស់កាម៉េរ៉ាសុវត្ថិភាពនៅព្រលានយន្តហោះគូឡាឡាំពួរបានបង្ហាញថា លោក គីម ជុងណាម ដែលកំពុងរង់ចាំប្តូរយន្តហោះ ទៅម៉ាកាវ ត្រូវបានស្ត្រីពីររូប បាញ់វត្ថុរាវនៅលើមុខ។ គីម ជុងណាមបានដាក់ខ្យល់ស្លាប់ក្នុងរថយន្ត ដឹកទៅមន្ទីរពេទ្យនៅគូឡាំឡាំពួរ។
ដោយលែកការបកស្រាយរបស់ជនសង្ស័យស្ត្រីទាំងពីរ ផ្ទុយស្រឡះ រូបភាពវីដេអូ និងការអះអាងរបស់ប៉ូលិសម៉ាឡេស៊ី ដែលបាននិយាយប្រាប់អ្នកកាសែតថា ស្ត្រីទាំងពីរបានស្គាល់ច្បាស់ពីគ្រោះថ្នាក់នៃវត្ថុរាវ ព្រោះថា នៅក្រោយបាញ់ទៅលើមុខ គីម ជុងណាម ស្ត្រីម្នាក់បានរត់ទៅលាងដៃ នៅក្នុងបន្ទប់ទឹកក្នុងព្រលានយន្តហោះ។ តាមប៉ូលិស ស្ត្រីជាប់សង្ស័យម្នាក់ក្អួតចង្អោរដោយសារឥទ្ធិពលសារធាតុគីមី ក្នុងពេលមន្ត្រីទូតឥណ្ឌូណេស៊ី និងវៀតណាមបញ្ជាក់រៀងៗខ្លួនជនជាតិរបស់ខ្លួន មានសុខភាពល្អក្នុងមន្ទីរឃុំខ្លួនរបស់ប៉ូលិស។
គួរបញ្ជាក់ថា ក្រៅតែពីចាប់ឃុំខ្លួនជនសង្ស័យស្ត្រីពីររូប និងជនជាតិកូរ៉េខាជើងម្នាក់ ប៉ូលិសម៉ាឡេស៊ីកំពុងតាមរកចាប់ជនសង្ស័យ៧រូបផ្សេងទៀត ដែលទាំងអស់គ្នាសុទ្ធតែជាជនជាតិកូរ៉េខាងជើង។ ជាមួយគ្នានេះមេប៉ូលិសម៉ាឡេស៊ី បានប្រកាសពីបំណងចង់ឲ្យមានដីកាចាប់ខ្លួន មន្ត្រីជាន់ខ្ពស់របស់ទូតកូរ៉េខាងជើង នៅម៉ាឡេស៊ី ដែលគេជឿថា មានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តឃាតកម្មលើលោក គីម ជុងណាម ផងដែរ៕