ចិន៖បើយោងតាមទស្សនាវដ្តីដែលមានឯកទេសក្នុងកិច្ចការយោធាចិនបានចុះផ្សាយថា ចិនកំពុងអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេងដោយកំពុងផ្តោតលើការចាក់ទម្លុះខែលការពារមីស៊ីលរបស់ជប៉ុននិងប្រទេសជិតខាងអាស៊ីខាងកើតផ្សេងទៀត។
ទស្សនាវដ្តី Kanwa Defense Review មានមូលដ្ឋាននៅប្រទេសកាណាដាបានចុះផ្សាយថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិនបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍអាវុធលឿនជាងសំឡេងដើម្បីសំញែងដាក់ប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជប៉ុននិងតៃវ៉ាន់ព្រមទាំងការពង្រាយខែលមីស៊ីលអាមេរិកតាមការគ្រោងទុករបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។
អាវុធលឿនជាងសំឡេងនេះគឺជាអាវុធជំនាន់ក្រោយដែលធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅ១០ដងឬ១០ម៉ាច។ វាអាចបត់បែននិងហោះសំកាំងតាមអាកាសដែលធ្វើឲ្យមានការលំបាកខ្លាំងណាស់សម្រាប់ប្រព័ន្ធការពារមីស៊ីលក្នុងការបាញ់ទម្លាក់។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកនិងរុស្ស៊ីក៏បានខឹងសម្បារផងដែរអំពីការអភិវឌ្ឍសមត្ថភាពដែលអាចធ្វើការវាយប្រហារលឿនជាងសម្លេងនេះ។ វាត្រូវបានគេគិតថា ប្រព័ន្ធប្រឆាំងមីស៊ីលរបស់ជប៉ុនអាចគ្មានឥទ្ធិពលប្រសិនបើក្រុងប៉េកាំងអភិវឌ្ឍអាវុធលឿនជាងសំឡេង។
នៅក្នុងប្រទេសជប៉ុន ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូតសមត្ថភាពកម្រិតខ្ពស់ត្រូវបានដាក់ពង្រាយដោយកងកម្លាំងការពារដែនអាកាសខ្លួនឯងរួមជាមួយនឹងនាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារតាមសមុទ្របំពាក់ជាមួយឧបករណ៍ចាប់មីស៊ីល Standard Missile-3 ។
ដោយឡែក តៃវ៉ាន់ក៏បានដាក់ពង្រាយឧបករណ៍ចាប់មីស៊ីលពីដីទៅអាកាស PAC-3 ផងដែរខណៈពេលដែលប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលឆ្លងទ្វីប THAAD នៅលើទឹកដីរបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងរបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ប្រទេសចិនបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលលឿនជាងសំឡេងចំនួនប្រាំពីរលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕