CNRP នឹង​ជ្រើស​រើសលោក គង គាំ ធ្វើជា​អនុប្រធាន​បក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​គណបក្ស ខណដែល​លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធាន បក្សប្រឆាំង​នាពេល​ថ្មីៗ​នេះ ។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហើប​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្តបាន​ថា សមាជ​នាពេល​ខាងមុខនេះ នឹងត្រូវ​ជ្រើសរើស​លោក កឹម សុខា ធ្វើជា​ប្រធាន​គណបក្ស​ជំនួស​តំណែង​លោក សម រង្ស៊ី​។ ដោយឡែក​តំណែង​អនុប្រធាន​គណបក្ស​គឺមាន​តែមួយ​ប៉ុណ្ណោះ ដូចពេលមុន​ដែល​លោក សម រង្ស៊ី ជា​ប្រធាន​និង​លោក កឹម សុខា ជា​អនុប្រធាន​។​
​ទាក់ទង​តំណែង​អនុប្រធាន​នេះ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនោះ​អះអាងថា គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​ហើយ គឺ​ប្រគល់​ឲ្យ​លោក គង់ គាំ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ព្រោះថា មានតែ​លោក គង់ គាំ តែ​ម្នាក់​គត់​ដែល​ស័ក្ក​សម​ទទួល​តំណែង​មួយ​នេះ​។​
​សូមជម្រាបថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​រៀបចំ​សមាជ​វិសាមញ​មួយ​នៅ​ថ្ងៃទី​២ ខែ​មិនា​ខាងមុខនេះ ដែល​សមាជ​នោះ​នឹងធ្វើ​ការជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី បន្ទាប់ពី​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​៕

2-KongTaing