ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ អាជីវករខ្មែរ ជាច្រើននាក់ លក់ទំនិញក្លែងកម្មសិទ្ធិបញ្ញា លើកគ្នាធ្វើបាតុកម្ម សុំឲ្យជួយអន្តរាគមន៍ ពីអាជ្ញាធរកម្ពុជា នៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាជីវករជាបាតុករ បានប្រាប់នៅព្រឹកថ្ងៃទី២៨ កុម្ភ:ថា: ពួកខ្លួនបានទាក់ទង់ បង្កូកគ្នាពីមុនមក ហើយព្រឹកនេះ បានប្រមូលផ្តុំ ធ្វើបាតុកម្មអហិង្សា នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីស្នើសុំអន្តរាគមន៍ ដល់អាជ្ញាធរ សមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ គ្រប់ជំនាញរបស់កម្ពុជា ដើម្បីទាក់ទងចរចា សម្របសម្រួលនឹងភាគីថៃ ដើម្បីបន្តអនុគ្រោះ យោគយល់ ពន្យារដល់ការលក់ដូរទំនិញ ប៉ះពាល់កម្មសិទ្ធិបញ្ញា នៅក្នុងតូប ស្តង់ នៃអគារដំបូលខៀវ និងកន្លែងផ្សេងទៀត នៃក្រុមផ្សាររោងក្លឿ ពោលគឺកុំទាន់បង្ក្រាប ក្តៅដៃពេកលក់អស់សិន។
អាជីវករ ជាបាតុករតវ៉ា ដែលមានការរៀបចំនេះ និងមួយចំនួន ជាប្រពន្ធ កូន សាច់ញាតិមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកម្ពុជា នៅសាលាក្រុង សង្កាត់ និងច្រកទ្វារព្រំដែន ប៉ោយប៉ែតផងដែរ បានបោះពុម្ព និងសរសេរអក្សរដៃ នូវញត្តិ គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីសុំអន្តរាគមន៍ ទៅរាជរដ្ឋាភិបាល យោធាថៃ។
លិខិតសរសេរថា អាជីវករខ្មែរ លក់ដូរនៅផ្សារថៃ និងនៅផ្សាររោងក្លឿ បានរងការគាបសង្កត់ ចាប់ និងបិទអាជីវកម្ម មិនអោយលក់ដូរស្រួល ពោលគឺបានរងនូវ ការធ្វើទុក្ខបុកម្នេញ បង្កការលំបាក រងអំពើអយុត្តិធម៌ផង។ចំណែកអាជីវករ កម្មកររកស៊ី ត្រីស្រស់ នាំពីកម្ពុជា ទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននិយាយដែរថា: ពួកខ្លួនក៏ស្នើសុំ អន្តរាគមន៍ពីអាជ្ញាធរ សមត្ថកិច្ចកម្ពុជា ទៅសមភាគីថៃ ដើម្បីស្នើសុំកុំតម្លើងថ្លៃពន្ធនាំត្រីស្រស់ (ត្រីរ៉ស់ និងឆ្តោរ) ពីកម្ពុជាទៅផ្សាររោងក្លឿ ចំនួន១.២០០បាត ឬ ១.៥០០បាត/១០០ គ.ក្រត្រី ពោលគឺសុំរក្សាតម្លៃពន្ធចាស់ ៣៥០-៤០០បាត ឬអាចឡើងដល់ត្រឹម ៥០០-៦០០បាត /១០០ គ.ក្រត្រី។
ការតវ៉ានេះ ចំពេលដែលភាគីថៃ នឹងបញ្ចប់ឱសានវាទ ហើយអនុវត្តវិធានការថ្មី ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ តទៅ នូវករណីទាំង២។ ពួកគេស្នលដោយទទូចថា សុំភាគីថៃរក្សាការអនុវត្តចាស់ដដែល។អាជីវករខ្មែរ បានប្រាប់ថា នៅរសៀលនេះ ពួកខ្លួននឹងទៅប្រជុំ ជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងក្រុមហ៊ុនអាមេរិកាំង ជាម្ចាស់ទំនិញ រងការរំលោភ ក្លែងម៉ាកសញ្ញា ដែលមានបញ្ហានេះផងដែរ។
បាតុកម្មនេះបានរំសាយវិញ នៅម៉ោងជាង ៩ ព្រឹក ថ្ងៃទី២៨ កុម្ភ:ដដែល បន្ទាប់ពីមន្ត្រីអាជ្ញាធរ សមត្ថកិច្ចក្រុង បានមកទទួលសេចក្តីស្នើអន្តរាគមន៍ និងញត្តិពីពួកគេ៕