ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូល្បឿនលឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង ខណៈដែលរថយន្តនោះបើកឆ្លងផ្លូវ បណ្តាលឱ្យបុរសអ្នកបើកម៉ូតូខ្ទាតចូលខាងក្រោមរថយន្តបាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០១៧ ចំណុចលើផ្លូវសហព័ន្ធរុស្ស៉ីផ្លូវបំបែកជា៣ចូលបន្ទាយទ័ពអាកាស៩៩ ទល់មុខប៉ុស្តិ៍នគរបាលកាកាប ស្ថិតក្នុងភូមិបប្រ៉ក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រស់ ផល្លា អាយុ១៩ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពុងស្ពឺ ជិះម៉ូតូម៉ាក “MSX” ពណ៌ខ្មៅលាយក្រហម ដែលមានស្លាកលេខ ភ្នំពេញ ១-GH៩៧៤៦ ។ ចំណែកបុរសជាអ្នកបើករថយន្តស៊េរីទំនើប “HUMMER” នោះ ឈ្មោះម៉ែន សុខលាង អាយុជាង៤០ឆ្នាំ មុខរបរជាអ្នកបើករថយន្តឱ្យថៅកែរោងចក្រមួយកន្លែង ស្នាក់នៅភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបើករថយន្តម៉ាក “HUMMER” ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ ២-S ១១១៧ ។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមផ្លូវបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជា៣រវាងផ្លូវសហព័ន្ធនិងផ្លូវបេតុងចូលមូលដ្ឋានទ័ពអាកាស”៩៩”ស្រាប់តែរថយន្តម៉ាក”HUMME
R”មួយគ្រឿងខាងលើបើកឆ្លងផ្លូវល្បឿនល្មមពេលនោះម៉ូតូ”MSX”កំពុងបើកល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តខ្ទាតជនរងគ្រោះចូលខាងក្រោរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង រថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្តោះអាន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕