ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូមកឈប់មុខផ្ទះហើយភ្លេចដកសោម៉ូតូ រួចចូលផ្ទះចាំឌុបក្មួយទៅរៀន ខណៈនោះមានជនឈ្លៀតឱកាស២នាក់ ចូលលួចបណ្ដើរម៉ូតូចេញជិះបានប្រហែល៥០ម៉ែត្រ ក៏ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ អាន នីកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូដែលជនសង្ស័យលួចយកម៉ាក ToDay ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1BY.5678 ។ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះនៅ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តឧត្ដម និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។
តាមស្ដីជនរងគ្រោះមាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតរូបគាត់ បានជិះម៉ូតូមកឈប់មុខផ្ទះ ហើយភ្លេចដកសោរម៉ូតូចេញ ដោយគាត់គិតថា ចូលផ្ទះតែមួយភ្លេត រួចក៏ចូលផ្ទះអង្គុយចាំឌុបក្មួយទៅរៀន ខណះនោះស្របពេលមានជនសង្ស័យឈ្លៀតឱកាស២នាក់ បានចូលលួចម៉ូតូរបស់គាត់បណ្ដើរចេញពីមុខផ្ទះ ហើយជិះបានប្រហែល៥០ម៉ែត្រ ក៏ក្មួយរបស់គាត់ប្រាប់ថាមានគេជិះម៉ូតូរបស់ពូរ ភ្លាមៗជនរងគ្រោះបានរត់ចេញមកក្រៅហើយស្រែកថាចោរៗៗនិងរត់ដេញតាមចាប់បណ្តើ រហូតតាមទាន់ចាប់បានអ្នកអង្គុយពីក្រោយបានម្នាក់ ចំណែកជនសង្ស័យជាអ្នកឌុប បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនសង្ស័យម្នាក់ខាងលើ ត្រូវបានម្ចាស់រងគ្រោះ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យចាត់ការតាមផ្លូវច្បាប់ ។ដោយឡែកជនរងគ្រោះក៏បានទៅប៉ុស្ដិ៍មានសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹងផងដែរ៕