ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​៣១៥​នាក់មក​កម្ពុជា​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ថៃ​បាន​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​៣១៥​នាក់មក​កម្ពុជា​វិញ ដែល​ការបញ្ជូន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥ និង​១០​នាទី ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិតក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។
លោក ឈុន វឿន មន្ត្រី​អាវុធហត្ថ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​បានបញ្ជាក់​ប្រាប់អោយដឹង​ថា​៖​ពលករ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូន​អោយមក​កម្ពុជា​ពេលនេះ​សរុប​ចំនួន ៣១៥​នាក់​ក្នុងនោះ​ស្រី​១៤៧​នាក់​ដែល​ពួកគាត់​បាន​លួច​ឆ្លងដែន​ទៅធ្វើ​ការ​ដោយ​គ្មាន​ច្បាប់ទម្លាប់​នៅក្នុង​ទឹកដី​ថៃ​។​
លោក​បន្តថា​៖​ការដែល​ថៃ​បញ្ជូន​ក្រុម​ពលករ​ខ្មែរ​អោយ​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅពេលនេះ គឺ​គ្រាន់តែ​អោយ​ពួកគាត់​បាន​បំពេញបែបបទ​ធ្វើលិខិត​ស្នាម​អោយបាន​ត្រឹមត្រូវ​ស្រប ទៅតាម​ច្បាប់​ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​និង​មិនមាន​ការភ័យខ្លាច​រត់​គេច​ពី​សមត្ថកិច្ច​ក្នុងការ​តាម​ចាប់ខ្លួន​៕

17036819_1839760646262497_765928374_o17016352_1839760649595830_862207346_o