ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីជំនាញនៃការិយាល័យបសុសត្វខេត្តបាត់ដំបងបានសហការជាមួយនិងសមត្ថកិច្ចជំនាញធ្វើការឆ្មក់បង្ក្រាបចាប់យកសត្វមាន់គ្មានច្បាប់អនុញ្ញាតប្រភេទរស់ចំនួន៣៦៥ក្បាល និងប្រភេទក្លាសេចំនួន១៣០ក្បាលដែលក្រុមឈ្មួញដឹកចរាចរណ៍ចែកចាយនៅក្នុងក្រុងបាត់ដំបង។
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុសត្វខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីចរាចរណ៍សត្វមាន់គ្មានច្បាប់អនុញ្ញាតខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤-១៥ទាបភ្លឺឈានចូលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ខណះដែលក្រុមឈ្មួញកំពុងដឹកយកមកចែកចាយបន្តនៅក្នុងក្រុងបាត់ដំបង។
លោកបន្តថា៖ក្នុងការចុះឆ្មក់បង្ក្រាបករណីដឹកជញ្ជូនសត្វមាន់គ្មានច្បាប់ខាងលើនេះមន្ត្រីជំនាញបានដកហូតសត្វមាន់រស់ប្រភេទមាន់ក្រហមចំនួន៣៦ទ្រុងស្មើនិង៣៦៥ក្បាលមាន់ក្លាសេចំនួន១៣០ក្បាល។
លោកបន្តទៀតថា ចំពោះសត្វមាន់ក្លាសេត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទិចចោលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះដោយឡែកសត្វមាន់រស់ចំនួន៣៦៥ក្បាលកំពុងរក្សារទុកនៅការិយាល័យជំនាញ៕