ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការចាប់ខ្លួន អន្ទិតម្នាក់ដែលទើបសឹកចាកសិក្ខាបទទើបតែ បានរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយបានបើករថយន្ត១គ្រឿង ដែលជារថយន្តរបស់ព្រះគ្រូចៅអធិការវត្ត អូរ គគី ធ្វើដំណើរមកភ្នំពេញ ហើយបានចូលទៅកន្លែងម៉ាស្សាកោសជប់មួយកន្លែង ដើម្បីឲ្យនាងៗជួយម៉ាស្សាឲ្យ។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញគួរឲ្យសង្ស័យ ព្រោះតែនៅក្នុងរថយន្តនោះមានបាត្រ និងស្បង់ចីវរ ហើយអន្ទិតម្នាក់នោះក៏មានសក់នៅខ្លីថែមទៀតផងនោះ ស្មានថាជាសង្ឃក្លែងក្លាយ ទើបរាយការណ៏ប្រាប់ឲ្យ ប៉ូលិសចុះទៅចាប់ខ្លួនតែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាកោសជប់ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
អន្ទិតម្នាក់នោះ ជា សុវណ្ណាត អាយុ៣៥ឆ្នាំ បួសជាសង្ឃនៅក្នុងវត្តអូគគីរ ដែលមានទីតាំងស្ថិតនៅភូមិអូរគគី ឃុំសុពណ៏មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើត នៅក្នុងភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជិះរថយន្ត១គ្រឿងម៉ាកកាមរីគូទប៉ោង ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល2A-0807 ដែលជារថយន្តរបស់គ្រូចៅអធិការវត្តខាងលើនោះ ហើយនៅក្នុងរថយន្តនោះមានបាត្រ រួមជាមួយស្បង់ចីវររបស់ព្រះគ្រូចៅអធិការផងដែរ។
នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ អន្ទិតខាងលើនោះ បានបើករថយន្តរបស់ព្រះគ្រូចៅអធិ ការវត្តចេញដើរលេង នៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកបានចូលទៅក្នុងហាងម៉ាស្សាកោសជប់ មួយកន្លែង នៅក្នុងបុរីញូវថោន មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខណៈនោះប្រជាពលរដ្ឋមានការសង្ស័យថាគាត់ គឺជាសង្ឃក្លែងក្លាយ ព្រោះសក់ដុះខ្លីដូចព្រះសង្ឃ មិនតែប៉ុណ្ណោះនៅក្នុងរថយន្ត មានទាំងបាត្រនិងចីវរថែម ទៀតផង ហើយប្រជាពលរដ្ឋក៏បាន រាយការណ៏ជូនប៉ូលិសឲ្យចុះទៅពិនិត្យមើល និងធ្វើការឃាត់ខ្លួននាំទៅ សាកសួរ ទើបដឹងថាគាត់ជាអតីតសង្ឃ ដែលទើបសឹកចាកសិក្ខាបទបាន២ថ្ងៃមុននេះប៉ុណ្ណោះ។ ដោយការ អផ្សុកពេកនឹកចង់ភ្លក្សរស់ជាតិម៉ាស្សា ទើបយករថយន្តព្រះគ្រូចៅអធិការវត្ត បើកដើរលេងនិងចូលទៅឲ្យ នាងៗម៉ាស្សាឲ្យហើយក៏ជាអន្ទាក់ប៉ូលិសតែម្ដង ប៉ុន្តែក្រោយពេលសាកសួរដឹងសាច់រឿង ប៉ូលិសបានទាក់ ទងទៅកាន់ចៅអធិការវត្តអូរគគីរ ឲ្យទៅធានាទើបដោះលែងទៅវិញនិងប្រគល់រថយន្តនោះ ទៅឲ្យព្រះ ចៅអធិការវត្តវិញហើយដែរ៕