បង្ក្រាប​បទល្មើស​នេសាទ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2017 ក+ ក-

ដោយ​៖​វិធិ​ន​
​ខេត្តក្រចេះ​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ជលផល សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ត្រី​តាម​ដង​ទន្លេមេគង្គ​ក្បែរ​អន្លង់​ផ្សោត​កាំ​ពី ត្រង់ចំនុច​អន្ទង់​វៀន​ស្រះ​ត្រពាំង ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​ការឃាត់ខ្លួន​ជនល្មើស​ខាងលើ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​សៀ​ល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅពេលដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​។ ជនសង្ស័យ​មានឈ្មោះ សូ ណា​ឡាយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្ត បានអោយដឹងថា ដោយមាន​ការផ្តល់​អនុ​សាសន៍​ពី​ឯកឧត្តម សរ ចំរុង អភិបាលខេត្ត​ក្រចេះ និង​លោក​អភិបាលស្រុក​ចិត្រ​បុរី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​តែងតែ​ចង្អុលបង្ហាញ និង​ជំ​រុញអោយ​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​ក្នុង​ការចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​អភិរ​ក្យ​សត្វ​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​នៅក្នុង​ខេត្តក្រចេះ ជាពិសេស​អន្លង់​សត្វ​ផ្សោត​កាំ​ពី ។​
​លោក​នាយរង​ខណ្ឌ បាន​បន្តថា ការចុះ​បង្ក្រាប​ពេលនេះ គឺ​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រីជលផល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ដោយ​ចេញ​ប្រតិបត្តិការ​ជាសម្ងាត់ ពួនស្ទាក់​ជាច្រើន​ម៉ោង​ទើប​ប្រទះឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​តាម​ដង​ទន្លេ​ពីលើ​មកក្រោម​ពេលមកដល់​ចំនុច​ពួនស្ទាក់ សមត្ថកិច្ច​ចាប់​ឃាត់​បាន​ម្នាក់ រីឯ​ម្នាក់ទៀត​បាន​លោតទឹក​ហែល​ឡើងលើ​កោះ​គេចខ្លួន​បាត់ស្រមោល ។ លោក បាន​បន្តថា ក្នុងការ​ឃាត់​ចាប់​ជនសង្ស័យ​ខាងលើ គឺ​សមត្ថកិច្ច​ដកហូត និង​រឹបអូស​បាន​ដូចជា ទូក​ម៉ាស៊ីន​កម្លាំង ១៣​សេះ ចំនួន​០១​គ្រឿង អាំង​វែក​ទ័​រ​ឆក់​ត្រី ប្រភេទ​ស្រូប ០១​គ្រឿង អាគុយ ៧០​អាំ​ពែរ ០២​គ្រឿង ដង​ឆក់​និង​កន្ត្រង់​ដងត្រី​ចំនួន ០២ ព្រមទាំង​ត្រី​ចម្រុះ​ប្រមាណ ០៣​គីឡូក្រាម​ផងដែរ ។​
​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ទៅ​សាលាតំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​៕

17094261_1839984606240101_1550374458_n17077978_1839984629573432_1535789128_n17035366_1839984589573436_1202939065_n17092024_1839984599573435_591775643_n17078658_1839984646240097_708178131_n