បារាំង៖លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ដែលជាបេក្ខជនប្រធានាធិបតីបារាំង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធម្សិលមិញថា តុលាការនឹងចោទប្រកាន់រូបលោក នៅថ្ងៃទី១៥មីនាខាងមុខនេះពាក់ព័ន្ធរឿងអាស្រូវកេងបន្លំលុយរដ្ឋជាង១លានអឺរូ។
ទោះបីយ៉ាងណាបេក្ខជនមកពីគណបក្សស្តាំ និងកណ្តាលនិយមរូបនេះនៅតែអះអាងលោកស្អាតស្អំ និងមិនព្រមដកខ្លួនចេញពីសៃង្វៀនប្រកួត ដណ្តើមតំណែងប្រធានាធិបតីបារាំង ដែលនឹងត្រូវប្រព្រឹត្តទៅនាខែមេសា និងឧសភាខាងមុខនេះ។ ការប្រកាសនេះផ្ទុយស្រឡះនឹងការអះអាងកន្លងមករបស់លោកហ្វីយ៉ុង ដែលថា លោកនឹងដកខ្លួនចេញភ្លាម បើសិនលោករងការចោទប្រកាន់ពីតុលាការ។
នៅថ្ងៃសុក្រចៅក្រមស៊ើបអង្កេត បីរូបត្រូវបានតែងតាំង នៅក្រោយអយ្យការផ្នែកហិរញ្ញវត្ថុរបស់បារាំងបានបញ្ជូនបន្តឲ្យស៊ើបអង្កេត សំណុំរឿងកេងលុយរដ្ឋរបស់លោកហ្វីយ៉ុង។ នៅថ្ងៃពុធម្សិលមិញ លោកហ្វ្រង់ស័រ ហ្វីយ៉ុង បានអះអាងខ្លួនលោកនឹងខ្លួន ទៅតាមការកោះហៅរបស់តុលាការ ដែលលោកចាត់ទុកថា មិនយុត្តិធម៌ និងថា កំពុងសម្លាប់មិនត្រឹមរូបលោក ប៉ុន្តែកំពុងសម្លាប់ផងដែរ ការបោះឆ្នោតប្រធានាធិបតីបារាំងទាំងមូល ព្រោះថា នីតិវិធីធ្វើឡើងនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោត៕