ខេត្ដស្ទឹងត្រែង៖មន្ដ្រីយោធាការពារព្រំដែនកម្ពុជា បានរាយការណ៍ថា ទាហានឡាវចំនួន៥៥នាក់ ដែលបានដាក់ពង្រាយនៅលើទឹកដីកម្ពុជាបានដកថយទៅវិញយ៉ាងស្ងាត់ៗ ដោយបន្សល់ទុករណ្តៅត្រង់លេណដ្ឋានចំនួន៣៣នៅលើដីកម្ពុជា និងក្រដាសផែនទីគូសរៀបរាប់ពីគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។ ដោយឡែក ទាហានឡាវនៅតាមខ្សែបន្ទាត់ព្រំដែនលើដីរបស់ខ្លួន នៅបន្តឈរជើងត្រៀមរារាំងដដែលទេ។
សូមជម្រាបថា បន្ទាប់បីមានការរារាំងពីកងទ័ពភាគីឡាវរឿងស្ថាបនាផ្លូវតាមព្រំដែននោះមកភាគីទាំង២បានជួបគ្នារកដំណោះស្រាយពីបញ្ហាព្រំដែន កាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅសេពៀន ក្នុងទឹកដីឡាវ ដែលភាគីកម្ពុជាតំណាងដោយលោក ដួង ពៅ អភិបាលរងខេត្ត រួមជាមួយមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង និងកងកម្លាំងមួយចំនួនទៀត ដោយឡែកភាគីឡាវតំណាងដោយអាជ្ញាធរខេត្តអត្តពឺ ។
នៅក្នុងជំនួបនោះ អាជ្ញាធរ និងទាហានឡាវបានស្នើឱ្យកម្ពុជាបញ្ឈប់ការឈូសឆាយរង់ចាំជជែកគ្នាបន្ត តែភាគីកម្ពុជាឆ្លើយតបថា កម្ពុជាមិនអាចបញ្ឈប់បានទេព្រោះការស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនគឺស្ថិតនៅលើទឹកដីកម្ពុជា ។
ទោះជាយ៉ាងណា ជំនួបនោះមិនបានលទ្ធផលល្អប្រសើរឡើយ តែបច្ចុប្បន្នស្ថានការណ៍បញ្ហាព្រំដែនបានស្ងប់ស្ងាត់បន្តិច ខណៈទាហានឡាវបានដកចេញពីដីកម្ពុជា ឯទាហានកម្ពុជាបន្តការពារបូរណទឹកកម្ពុជាតាមបន្ទាត់ព្រំដែនដដែល៕