ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​ទៅ​ទីក្រុង​ប៉េកាំង​ពិនិត្យ​ព្រះរាជសុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧​នេះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះអង្គ សម្ដេចព្រះ​មហាក្សត្រី មុន​និនាថ សីហនុ បាន​ចាក់​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​
​អញ្ជើញ​យាង​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយ​ឡើង​យន្ត​ហោះនា​ព្រឹក​នេះ រួមមាន​វត្តមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា និង ព្រះ​ញាតិវង្សានុវង្ស​ជាច្រើន​អង្គ​ទៀត​។​
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចព្រះ​មហាក្សត្រិយ តែងតែ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​យ៉ាង​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន គឺ​ក្នុង​មួយឆ្នាំ​ពីរដង​។ ការយាង​ចេញទៅ​ពិនិត្យ​ព្រះរាជសុខភាព​លើក​នេះ មិនទាន់មាន​ការបញ្ជា​ក់​ព័ត៌មាន​ថា ព្រះអង្គ​ទាំង​ទ្វេ នឹង​យាង​ត្រឡប់មក​កម្ពុជា​វិញ​នា​ពេលណា​នោះទេ​។​
​ក្នុងអំឡុង​ព្រះ​អវត្តមាន​ព្រះមហាក្សត្រ​ខ្មែរ​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួលភារៈ​ជា​ប្រមុខរដ្ឋស្តីទី ដើម្បី​ធ្វើការ​សម្រេច​លើ​ការងារ​ផ្សេងៗ​ជំនួស​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​៕

17039215_1259974134051081_3227534879200338406_o16999042_1259974144051080_9184952700404138168_n