រាជធានីភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួនឃាតករដែលសម្លាប់ក្មេងស្រីដែលគេប្រទះឃើញសាកសពអណ្តែតទឹកទន្លេ ក្បែររមណីយដ្ឋានកោះដាច់កាលពីម្សិលមិញ ដោយគេសង្ស័យថា ជាករណីឃាតកម្មនោះបានហើយ ខណៈដែលការចាប់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែមិនានេះ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះហ៊ន សុខហេង អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជននេះ ជាអ្នកភូមិផងរបងជាមួយក្មេងស្រីរងគ្រោះដែលស្លាប់ ។
ជនសង្ស័យបានសារភាពនិងរៀបរាប់នៅចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី០២ មីនា នោះ (ជាថ្ងៃកើតហេតុ) ខ្លួនបានជិះម៉ូតូមួយគ្រឿងដោយបានយកបាយទៅឱ្យឪពុក នៅចំណុចក្បែររោងលក់ដូរនៃរមណីយដ្ឋានកោះដាច់នោះ។ បន្ទាប់មកខ្លួនក៏ក្រឡេកឃើញក្មេងស្រីរូបនេះ ដើរតែម្នាក់ឯងក៏ហៅនាងជិះម៉ូតូជាមួយ។ ពេលនោះ ខ្លួនមិនបានដឹកនាងទៅផ្ទះនោះទេ ដោយបង្វែរនាំនាងទៅបេះផ្លែស្វាយនៅទីតាំងស្ងាត់មួយកន្លែង ដោយខ្លួនគេ បានសុំនាងរួមរ័ក។
ឃាតករនិយាយទៀតថា ក្មេងស្រីរងគ្រោះមិនបានព្រមជាមួយខ្លួនទេ ដោយនាងភ័យបានរត់គេចចេញពីគេ តែខ្លួនរត់ទៅចាប់នាងបានវិញ ក៏បានច្របាច់.កជ្រមុជក្នុងទឹកទន្លេ ដើម្បីសម្លាប់បំបិទមាត់តែម្តង៕