វ៉ាស៊ីនតោន៖អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានច្រានចោលនូវការចោទប្រកាន់ ពីលោក ដូណាល់ ត្រាំ ដែលថា រូបលោកបានបញ្ជាឱ្យគេលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទរបស់អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។ នេះបើតាមអ្នកនាំពាក្យលោក អូបាម៉ា ដកស្រង់ដោយសារព័ត៌មាន Sputnik។
ប្រតិកម្មរបស់លោក អូបាម៉ាធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសរសេរនៅលើ Twitter ថាលោកអូបាម៉ា បានបញ្ជាឱ្យគេលួចស្ដាប់កិច្ចសន្ទនាតាម ទូរសព្ទរបស់លោក នៅឯអាគារ Trump Tower ដោយបានប្រៀបធៀបសកម្មភាពនេះ ទៅនឹងរឿងអាស្រូវ McCarthyism និង Watergate ទៀត ផង។ ក៏ប៉ុន្តែ លោក ត្រាំ មិនបានបង្ហាញភស្ដុតាងណាមួយមកបញ្ជាក់នោះទេ។
ជាមួយគ្នានេះនាយក FBI លោក ជែម ខូមី ក៏បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យក្រុមមន្ត្រីសេតវិមានលួចស្ដាប់កិច្ចសន្ទនា តាមទូរសព្ទរបស់លោកផងដែរ។
ទោះបីយ៉ាងណាក្រសួងយុត្តិធម៌អាមេរិក មិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយណាឡើយទេ ខណៈលោកត្រាំខ្លួនឯងក៏ពុំទាន់បានបង្ហាញភស្ដុតាងអ្វីដែរ បន្ទាប់ ពីអតីតអ្នកនាំពាក្យលោក អូបាម៉ា ចាត់ទុកថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺជារឿងមិនពិត។
គួរបញ្ជាក់ថា ការចោទរបស់លោកត្រាំចំពោះលោកអូបាម៉ានេះត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ ទី៤ មីនាតាមរយៈបណ្តាញសង្គម Tweeter របស់លោក៕
លោក អូបាម៉ា ទាត់ចោលការចោទប្រកាន់របស់លោក ត្រាំ