រាជធានីភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយ ខណៈបុរសសរសៃប្រសាទម្នាក់ឈ្លោះប្រកែកជាមួយប្រពន្ធ ហើយបានផ្តួលម៉ូតូចាក់សាំងដុតផ្ទះឆេះសន្ធោសន្ធៅ និងទាញប្រពន្ធរុញចូលភ្នក់ភ្លើងបណ្តាលឲ្យឆេះរលេះរលួយស្បែកពេញខ្លួន។ ករណីនេះកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទាបភ្លឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះតាមផ្លូវបេតុង ប្លុកសំបុកចាបក្បែរស្ពានដែក ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សឹម សុថាវី អាយុ២៨ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនភូមិ៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកប្តីឈ្មោះ អ៊ុជ ធួនវីរៈ អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិ៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានកូនស្រីម្នាក់ឈ្មោះ វិរ: ពេជ្ររូហ្សា អាយុ៦ឆ្នាំ។
ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចហៅរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកជនបង្កជាប្តីបានរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែកបើតាមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈបានឲ្យដឹងថា ស្ថានភាពជនរងគ្រោះធ្ងន់គឺកម្រិតរលាកដំណាក់កាលទីពីរ៕