តុលាការ កំពូលប្រទេសម៉ាឡេស៊ី ទើបបានប្រកាសនៅថ្ងៃអង្គារនេះ បញ្ជាក់ពីការផ្តន្ទាទោសលោក Anwar Ibrahim អ្នកដឹកនាំបក្សប្រឆាំងម្នាក់ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមភេទជាមួយបុរស។ មេបក្សប្រឆាំងនេះ តែងតែបដិសេធការចោទប្រកាន់នេះ ដោយបាននិយាយថា « នេះជាកលល្បិចនយោបាយគូសត្រូវរបស់លោ ដើម្បីអុកឡុករំខាន មិនឲ្យលោកអាចចូលរួមប្រឡូកក្នុងជីវិតនយោបាយនៅក្នុងប្រទេស។
នៅ ថ្ងៃអង្គារ១០កុម្ភៈនេះ ប្រធានតុលាការកំពូលប្រទេសម៉ាឡេស៊ីនៅក្រុង Putrajaya បានប្រកាសបញ្ជាក់ពីការដាក់ទោសលោក Anwar Ibrahim អាយុ៦៧ឆ្នាំ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទប្រព្រឹត្តអំពើអនាចារ រួមភេទជាមួយបុរស។ លោក Anwar Ibrahim ដែលជាអ្នកដឹកនាំបក្សប្រឆាំងដ៏ប្រជាប្រិយម្នាក់នៅម៉ាឡេស៊ី កាលពីឆ្នាំទៅ ធ្លាប់បានប្តឹងតវ៉ាសើរីសំណុំរឿងរបស់លោកឡើងវិញ ក៏ប៉ុន្តែត្រូវបានចៅក្រមបដិសេធ។
ការប្រកាសទោសរបស់រដ្ឋអាជ្ញានៃតុលាការកំពូលម៉ាឡេស៊ីនេះ បានធ្វើឲ្យសមាជិកបក្សប្រឆាំងជាច្រើនរូប រួមទាំងក្រុមអ្នកកាសែតនិងក្រុមគ្រួសាររបស់លោកអ៊ីប្រាហ៊ីមដែល មានវត្តមានយ៉ាងច្រើនកកកុញនោះ មានភាពស្រឡាំងកាំងយ៉ាងខ្លាំង។
ក្រុមបក្សប្រឆាំង ដែលធ្លាប់បានលើកនិយាយជាច្រើនដងច្រើនសារមកហើយ បានបញ្ជាក់ថា សំណុំរឿងរបស់មេគណបក្សខ្លួនគឺមានគោលដៅ ដើម្បីកំចាត់លោកអានវ៉ាអីប្រាហ៊ីម ឲ្យខ្ទាតចេញពីឆាកនយោបាយនៅក្នុងប្រទេស។ ក្នុងន័យដូចគ្នាដែរ លោក John Malott អតីតឯកអគរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ីនាចុងទស្សវត្តន៍១៩៩០ ក៏ធ្លាប់បានលើកនិយាយដែរនៅមុនពេលបើកសវនាការរ- ថាសវនាការនេះ ជារឿងនយោបាយមួយដែលមានបំណងបំផ្លាញជីវិតនយោបាយដ៏សកម្មរបស់មេ ដឹកនាំបក្សប្រឆាំងនេះ។
ដោយនៅជំនាន់នោះ លោកអានវ៉ាអ៊ីប្រាហ៊ីមធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនិងត្រូវបាន ដកចេញពីតំណែងកាលពីឆ្នាំ១៩៩៨។ កាលណោះ លោកបានត្រូវជាប់ពន្ធនាគារ៦ឆ្នាំ ពីបទពុករលួយនិងបទរួមភេទជាមួយបុរស។ នៅម៉ាឡេស៊ីប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម អំពើរួមភេទជាមួយបុរស គឹជាទោសឧក្រឹដ្ឋដែលអាចជាប់ទោសរហូតដល់ទៅ២០ឆ្នាំ។
គួរំលឹកថា លោកអានវ៉ាអ៊ីប្រាហ៊ីម គឺជាសកម្មជនកំណែទម្រង់មួយរូបដែលធ្លាប់បានសន្យាថានឹងប្រយុទ្ធ ប្រឆាំងទល់នឹងអំពើពុករលួយនៅក្នុងប្រទេសក៏ព្រមទាំងស្វែងរក លិទ្ធិ ប្រជាធិបតេយ្យពិតប្រាកដជូនប្រទេសជាតិ៕rfi
មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី Anwar Ibrahim, អមដោយភរិយាមកស្តាប់សវនាការតុលាកា៩កុម្ភៈ២០១៥REUTERS/Stringer