រាជធានីភ្នំពេញ៖ព្រឹកមិញនេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តយុទ្ធនាការចុះត្រួតពិនិត្យកន្លែងស្នាក់នៅនិងកន្លែងធ្វើការរបស់ជនជាតិវៀតណាមក្នុងរោងសិប្បកម្មឈើ ផ្លូវបេតុង ជាប់លូទឹកស្អុយ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ ក្រោយពីស្រាវជ្រាវឃើញថា ជនជាតិវៀតណាមទាំងនោះរស់នៅនិងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបញ្ជាក់អោយដឹងថា ជានជាតិវៀតណាមទាំង៩នាក់នោះ បានលួចឆ្លងដែនមកស្នាក់នៅនិងប្រកបរបរខុសច្បាប់ដោយគ្មានលិខិតឆ្លងដែននិងឯកសារត្រឹមត្រូវ។ បច្ចុប្បន្នជនជាតិវៀតណាមទាំង៩នាក់នោះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕