ភ្នំពេញ៖ជនត្រូវចោទឈ្មោះ ឡាយ ហួង អតីតភរិយាលោកឧញ៉ា ខូវ ផល្លារបុត្រ ត្រូវបាន ឆ្មាំ ពន្ធនាគារព្រៃសនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៥នេះ ដើម្បីសាកសួរបន្ថែមជុំវិញសំណុំរឿងរៀបគម្រោងប៉ុនប៉ងសម្លាប់ ប្រពន្ធ និងកូនស្រី ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ។
គួររំលឹកផងដែរថា ជនត្រូវចោទ ឡាយ ហួង ត្រូវបានតុលាការបានបើកសវនាការ ជំនុំជម្រះម្ដងរួចមកហើយ ដោយសវនាការនេះ មានលោកជា សុខហៀង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។ ជនត្រូវចោទ ឡាយ ហួង ជាប់ចោទពីបទ ” ផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ថវៈ និង ប៉ុនប៉ងឃាតកម្មគិតទុកជាមុន តាមមាត្រា ២៧ , ២៨ ,២០០ និង មាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការរៀបចំគម្រោងរំលោភ និងសម្លាប់កូនស្រី និងភរិយា ឯកឧត្ដម ស៊ុនចាន់ថុល ទេសរដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ។
អ្នកស្រី ឡាយ ហួង ត្រូវបានប៉ូលិស Interpol ឃាត់ខ្លួនក្នុងទឹកដីប្រទេសថៃ កាល
ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ តាមការស្នើរបស់សមត្ថកិច្ចកម្ពុជា ពាក់ព័ន្ធនឹងករណីគំរាមសម្លាប់លោកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រី របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដើម្បីដណ្តើមទ្រព្យសម្បត្តិពីគ្រួសារ ខូវ ជឺលី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០។
សមត្ថកិច្ចកម្ពុជាបានថ្លែងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ បានទៅទទួលយកអ្នកស្រី ឡាយ ហួង ពីប៉ូលិស Interpolនៅច្រកអន្តរជាតិប៉ោយប៉ែតហើយកាលពីវេលា ៩យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ហើយបានបំពេញសំណុំបែបបទ នៅច្រកព្រំដែនរួចនៅម៉ោងជិត ១២យប់បានធ្វើដំណើរឆ្ពោះមក កាន់រាជធានីភ្នំពេញទាំងយប់តែម្តង៕