ក្រចេះ៖លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំនុចហាងបាយចំនួន ២កន្លែងផ្សេងគ្នា រឹបអូសបានឈើអារសសរប្រមាណជា ៨០ដើម និងឃាត់រថយន្តសាំងយ៉ុងមួយគ្រឿង ខណៈអ្នកបើកបររថយន្តបានរត់គេចខ្លួន ។ ប្រតិបត្តិការណ៍នេះ គឺធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ឋិតនៅចំនុចក្រោមសួនស្នេហ៍ថ្មបាំង ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះ បានចុះនៅទីតាំងចំនួន ២គោលដៅ គឺនៅចំនុចហាងបាយ យីហោ យូអ៊ី និងនៅហាងបាយ ដែលមានយីហោ អូននាង រឹបអូសបានឈើអារក្រហមប្រភេទលេខ១ សសរជ្រុង ចំនួន ៨០ដើម នឹងរថយន្តសាំងយ៉ុងមួយគ្រឿង គ្រាដែលអ្នកបើកបររត់គេចខ្លួនបាត់ ។
ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះ ចុះដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើជាក់ស្ដែង ក៏ផ្ទុះកើតមានការរារាំង នឹងចរិកកាងបទល្មើសព្រៃឈើយ៉ាងខ្លាំងពីសំណាក់ម្ចាស់ហាងស្រីបាយ ដែលមានយីហោ យូអ៊ី ដោយបញ្ចេញកាយវិកាច្រងេងច្រងាងដាក់ទៅលើសមត្ថកិច្ច គ្រានោះសមត្ថកិច្ចក៏បានដាក់ខ្នោះភ្លាមៗដើម្បីសម្រួលដល់ក្រុមការងារក្នុងការបង្ក្រាប ។ ដោយមានការសុំការលើកលែងពីក្រុមគ្រួសារ ស្ត្រីម្ចាស់ហាងបាយយីហោ យូអ៊ី ក៏ត្រូវបានដោះលែងឲ្យរួចខ្លួនវិញ ។
ក្រោយកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបឃាត់រថយន្តបានមួយគ្រឿង និងរឹបអូសបានឈើអារប្រភេទសសរជ្រុងជាច្រើនដើម មន្ត្រីនាញរដ្ឋបាលព្រៃឈើក៏បានដឹកជញ្ជូនយកមករក្សាទុក និងវាស់វាងនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានបញ្ជាក់ថា ឈើទាំងនោះមានចំនួន ៨០ដើម ជាប្រភេទឈើសសរជ្រុង ស្មើនឹងជាង ៨ម៉ែត្រគូប៕