បំផ្ទុះ​គ្រាប់បែក​ក្បែរ​ស្ថានទូត​អាមេរិក​នៅ​រដ្ឋធានី​កា​ប៊ុល ស្លាប់​មនុស្ស​ជាង​៣០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2017 ក+ ក-

​កា​ប៊ុល​៖​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​ជាង​៣០​នាក់​បាន​ស្លាប់ និង​ជាង​៥០​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​មួយកន្លែង​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​
​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ខ្មាន់កាំភ្លើង​មួយចំនួន​ដោយ​រួមបញ្ចូល​ទាំង​ម្នាក់​ស្លៀកពាក់​ជា​វេជ្ជបណ្ឌិត ដែល​អះអាងថា ជា​ក្រុម ISIS បាន​បើក​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​មួយកន្លែង ដែល​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី និង​បាន​បាញ់ប្រហារ​គ្នា​ជា​ជាមួយ​កងកម្លាំង​សន្តិសុខ ដែល​ស្ថិតនៅក្នុង​អគារ​មន្ទីរពេទ្យ​នោះ​។​
​យោងតាម​សម្តី​របស់​មន្ត្រី​ការពារ​សន្តិសុខ​ម្នាក់ ការវាយប្រហារ​ខាងលើ​បានចាប់ផ្តើម ជាមួយ​ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​មន្ទីរពេទ្យ Sardar Mohammad Daud Khan និង​ខ្មាន់កាំភ្លើង​ពី​បី​ទៅ​ប្រាំ​នាក់​ជាមួយ​កាំភ្លើង​ស្វ័យប្រវត្តិ និង​គ្រាប់បែក​បាន​ចូលទៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​។​
​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​រង​ការវាយប្រហារ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​អាមេរិក ដែលមាន​ការពារ​យ៉ាង​រឹងមាំ​បំផុត​នោះឡើយ​៕

fn-2017-03-08-19-24-51-2