បាកដាដ៖អាជ្ញាធរអ៊ីរ៉ាក់និយាយថា មនុស្សយ៉ាងហោចណាស់២៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់ពីរលើកនៅក្នុងពិធីមង្គលការមួយស្ថិតនៅភាគខាងជើងខេត្ត Salahudin។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃយប់ថ្ងៃពុធដោយក្រុមជនសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែក សម្លាប់ខ្លួនឯងនៅពិធីមង្គលការក្នុងភូមិ Hajjaj ស្ថិតនៅចំងាយ១៨៥គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ។ ទន្ទឹមនោះជនបំផ្ទុះអត្តឃាតទីបីក៏បម្រុងសំរុកចូលក្នុងរោងការផងដែរ ក៏ប៉ុន្តែគ្រាប់បែកបែរជាផ្ទុះ មុនពេលចុចបំផ្ទុះ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ISIS តែងតែដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងប្រជាជនស៊ីវិល នៅអ៊ីរ៉ាក់៕