កូរ៉េខាងត្បូង៖យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុងហាប់បានឲ្យដឹងថា កាលពីម្សិលមិញយ៉ាងហោចណាស់អ្នកគាំទ្រលោកស្រី ប៉ាក ឃៀនហេ ២នាក់បានស្លាប់បាត់បង់ជីវិត គ្រាដែលប្រមូលផ្តុំតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ។
សារព័ត៌មានដដែលបញ្ជាក់ថា បុរសអាយុ៧២ឆ្នាំ ត្រូវបានគេឃើញហូរឈាមតាមក្បាលនៅជិតតុលាការធម្មនុញ្ញ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់មកក៏ស្លាប់។ ចំណែកម្នាក់ទៀតបានស្លាប់ក្នុងពេលប្រមូលផ្តុំ ហើយពេលនេះសមត្ថកិច្ចបន្តស៊ើបអង្កេតនៅមិនដឹងមូលហេតុច្បាស់នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីម្សិលមិញតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានប្រកាសបញ្ចប់តួនាទីរបស់លោកស្រីប៉ាក ឃៀនហេ ពីតំណែងប្រធានាធិបតី ដោយចោទថា ជាប់ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយ និងរំលោភអំណាចរដ្ឋ។ ក្រោយការប្រកាសសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក្រុមអ្នកគាំទ្រនិង ក្រុមប្រឆាំងលោកស្រីប៉ាក ឃៀនហេ រាប់ម៉ឺននាក់បានចេញមុខតវ៉ានៅលើផ្លូវ៕