កូរ៉េខាងត្បូង៖ប្រធានាធិបតីដែលទើបទម្លាក់ពីតំណែងលោកស្រី ប៉ាក់ គុនហេ បានថ្លែងជាលើកទី១នៅមុខគេហដ្ឋានឯកជនរបស់លោកស្រីនៅភាគខាងត្បូងទីក្រុងសេអ៊ូលថា លោកស្រីនឹងសង្ឃឹមថា ការពិតនឹងលេចចេញនៅថ្ងៃណាមួយ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលប្រមូលផ្តុំរួចជាស្រេច ដើម្បីទទួលលោកស្រី។ ដំបូងលោកស្រីបានលំអោនសុំទោសអ្នកគាំទ្រ ដែលលោកស្រីមិនអាចបន្តការងារ រហូតដល់ចប់អាណត្តិ។ បន្ទាប់មកទៀត លោកស្រីបានបញ្ជាក់ថា ការពិតនឹងឈ្នះនៅថ្ងៃណាមួយ បើទោះបីជាវាត្រូវការពេលវេលាយូរក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី ប៉ាក់ គុនហេ ត្រូវបានចៅក្រមចំនួន៨នាក់ របស់តុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ រក្សាការសម្រេចរបស់សភាកូរ៉េខាងត្បូង ដែល កាលពីខែធ្នូ បានបោះឆ្នោតទម្លាក់លោកស្រី ប៉ាក់ គុនហេ ពីតំណែងប្រធានាធិបតីកាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថា បានរំលោភច្បាប់ និងរំលោភសេចក្តីទុកចិត្តរបស់ប្រជាជន ដោយបានបណ្តោយឲ្យមិត្តភក្តិ របស់លោកស្រី គឺឆយ ស៊ុនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋាភិបាល និងបានប្រើអំណាចប្រធានាធិបតី ដើម្បីយកទៅគាបយកលុយពីក្រុមហ៊ុនឯកជន៕