ភ្នំពេញ៖ ដោយតូចចិត្តនឹងប្តីមានស្រីថ្មី ស្ត្រីម្នាក់បានធ្វើដំណើរដោយថ្មើរជើងមកលើស្ពានជ្រោយចង្វាថ្មី ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនទាន់បានលោតផងទេក៏ត្រូវនគរបាលយាមស្ពានឃាត់រួចនាំមកទីស្នាក់ការដើម្បីសាកសួរ និងអប់រំ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៩ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើស្ពានជ្រោយចង្វារថ្មី ផ្នែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ម៉ា ស៊ី អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានកូនពីរនាក់ក្នុងបន្ទុក និងមានប្ដីឈ្មោះគង់ រដ្ឋា ជាមន្ដ្រីនគរបាល ។
ស្ត្រីម្នាក់នោះ បាននិយាយប្រាប់សមត្ថកិច្ចថា ទាក់ទិននឹងគោលបំណង ប៉ងលោតទឹកសម្លាប់ខ្លួននេះ ដោយសារគាត់ ពិបាកចិត្តនឹងប្តី មានស្រីថ្មីរយៈពេល៨ឆ្នាំហើយ ថែមទាំងមានកូនប្រុស ២ នាក់ទៀតផង ទើបធ្វើឲ្យគាត់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាលើកទី២បែបនេះ ។កាលពីលើកទីមួយគាត់ទៅលោតលើស្ពានតាខ្មៅ តែមិនបានសម្រេច ដោយសារប៉ូលិសឃាត់ទាន់ ឥឡូវមកលោតលើស្ពានជ្រោយចង្វាក៏ត្រូវនគរបាលឃាត់ទៀត។
ក្រោយពីសមត្ថកិច្ច បានធ្វើការណែនាំរួច ហើយបានទាក់ទងទៅក្រុមគ្រួសាររបស់ស្ដ្រីរងគ្រោះរូបនេះ ឲ្យមកទទួលយកត្រឡប់ទៅផ្ចះវិញ៕