ប៉ារីស៖បេក្ខនារីប្រធានាធិបតីបារាំងមកពីគណបក្សរណសិរ្សជាតិ (Front national) លោកស្រី Marine Le Pen បាននិយាយថា លោកស្រីនឹងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធកម្ទេចសហភាពអឺរ៉ុប តាមរយៈការដកសមាជិកភាពចេញពីប្លុកនយោបាយដ៏ធំមួយនេះ បើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។
យោងតាមសារព័ត៌មាន Sputnik បញ្ជាក់ថា ក្នុងករណីលោកស្រីជាប់ឆ្នោតលោកស្រីនឹងស្នើសុំកិច្ចសហការពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Victor Orban និងប្រធានគណបក្សកាន់អំណាចប៉ូឡូញ លោក Jaroslaw Kaczynski ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការកម្ទេចសហភាពអឺរ៉ុបចោល។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប៉ូឡូញ Rzeczpospolita លោកស្រី Marine Le Pen បានលើកឡើងថា បើសិនជាខ្ញុំជាប់ឆ្នោត ខ្ញុំនឹងធ្វើការងារជាមួយលោក Kaczynski បំផ្លាញសហភាពអឺរ៉ុប ហើយខ្ញុំជឿថាយើងអាចនឹងសហការគ្នាលើចំណុចជាច្រើន។ លើសពីនេះទៅទៀត បើសិនជាខ្ញុំក្លាយជាប្រធានាធិបតីបារាំងនៅថ្ងៃស្អែក ខ្ញុំនឹងជជែកពិភាក្សាជាមួយលោក Orban លើបញ្ហាជាច្រើនដែលយើងហាក់ដូចជាមើលឃើញពីភាពមិនត្រឹមត្រូវនៅក្នុងសហភាពអឺរ៉ុប ដែលយើងមិនអាចទទួលយកបាននៅក្រោមទម្រង់សហភាពអឺរ៉ុប។ វាប្រាកដណាស់ថា យើងនឹងមិនអាចព្រមព្រៀងគ្នាលើរឿងគ្រប់យ៉ាង ក៏ប៉ុន្តែប្រទេសនីមួយៗមានសេរីភាព និងដែនអធិបតេយ្យភាព ក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនឹងត្រូវធ្វើឡើងពីរជុំគឺនៅថ្ងៃទី២៣ ខែមេសា និងនៅថ្ងៃទី០៧ ខែឧសភា ខណៈការស្ទង់មតិលើកចុងក្រោយបង្ហាញថា លោកស្រី Marine Le Pen អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំទីមួយ៕