រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាគាស់ផ្ទះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ធ្វើការល្បាតឃាត់ខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់នោះ ទី១/ឈ្មោះ ងិន សេរិវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ ឈិន សុភា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្លវរថភ្លើង ក្រុម១០
ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
ប្រភពដដែរបន្តថា នៅយប់ថ្ងៃទី១៤ ខែមីនា កម្លាំងសមត្ថកិច្ចយើង សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ល្បាតក្នុងមូលដ្ឋាន ខណៈពេលល្បាត មកដល់ចំណុចកើតហេតុខាងលើក៍ ប្រទះឃើញជនសង្ស័យទាំង ២នាក់ ដោយមានការសង្ស័យ ក៏ឃាត់ខ្លួន និងឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែច្នៃសម្រាប់កាច់សោរកម៉ូតូមួយចំនួនរួចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕