ភ្នំពេញ៖ហាងឃ្លាំងទទួលបញ្ចាំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង អត់មានស្លាកយ៉ីហោស្ថិតនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីផ្ទុះរឿង ទទួលបញ្ចាំម៉ូតូកង់បីអត់មានឯកសារ កើតជារឿងប្តឹងផ្តល់ រួចម្តងមកហើយកាលពីល្ងាចថ្ងៃទី១៣ ខែមិនា ហើយទីតាំងទទួលបញ្ចាំខាងលើសង្ស័យអត់មានច្បាប់ទម្លាប់ រហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមិនា។
កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យឃ្លាំងបញ្ចាំខាងលើ តែមិនមានកិច្ចសហការណ៍ពីម្ចាស់ទីតាំង ក្រោយពីជួបតាមរយៈទូរស័ព្ទ ម្តងឲ្យចាំម៉ោងនេះ ម្តងម៉ោងនោះ ទីបំផុតនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃដដែល ទោះមិនមានវត្តមានម្ចាស់ទីតាំងក៏ដោយ សម្រេចបង្កើតគណកម្មការ ចូលរួមពីមន្ត្រីនគរបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន សម្របសម្រួលពីលោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី សម្រេចកាត់សោរទ្វារឃ្លាំងដើម្បីត្រួតពិនិត្យ សម្ភារៈមាននៅក្នុងឃ្លាំងបញ្ចាំ ។
នគរបាលខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ក្រោមការសម្របសម្រួលពីលោក កុល បុណ្យ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីមូលដ្ឋានភូមិ សង្កាត់ ចូលធ្វើការត្រួតពិនិត្យ ក្នុងឃ្លាំងហាងទទួលបញ្ចាំមួយកន្លែងគ្មានស្លាកយ៉ីហោ បន្ទាប់ពីមានបាតុភាពមិនប្រក្រតី សង្ស័យគ្មានច្បាប់ទម្លាប់ ឃើញថា នៅក្នុងឃ្លាំងមានរថយន្តចំនួន៤គ្រឿង ម៉ូតូកង់បីចំនួន៦គ្រឿង បន្សល់ទុកទីនោះ ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីមិនមានវត្តមាន ម្ចាស់ទីតាំង ចូលរួមសហការណ៍ សម្ភារៈ រថយន្ត និងម៉ូតូកង់បី មិនទាន់ដឹងថា មានឯកសារត្រឹមត្រូវឬយ៉ាងណានោះទេ រងចាំស្រាវជ្រាវ ត្រួតពិនិត្យលម្អិតជាមុនសិន ហើយសម្ភារៈទាំងនោះ ត្រូវបានសមត្ថកិច្ចរក្សាទុកជាបណ្តោះអាសន្ន ក្រោមបង្គាប់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ទីតាំងឃ្លាំង ហាងបញ្ចាំ សង្ស័យអត់ច្បាប់ខាងលើ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យបិទទ្វារ រក្សាសម្ភារៈជាបណ្តោះអាសន្ន រង់ចាំសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ ទៅលើរថយន្ត ម៉ូតូកង់បី រកឯកសារសំគាល់យានយន្តជាមុនសិន៕