អង់គ្លេស៖តំណាងរាស្ត្រអង់គ្លេសបានបោះឆ្នោតអនុម័តអោយរដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមដំណើរការនីតិវិធីដកខ្លួនចេញពីសហភាពអឺរ៉ុប ខណៈដែលដែនដីស្កុតលែនបានជំទាស់ទៅនឹងផែនការចាកចេញនេះ ដោយបានប្រកាសពីផែនការបោះឆ្នោតប្រជាមតិដើម្បីឯករាជ្យពីអង់គ្លេសជាថ្មីម្ដងទៀត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Theresa May អាចដំណើរការមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុងលីស្បោនរបស់សហភាពអឺរ៉ុប នៅពេលណាមួយក៏បាន ដោយចាប់ផ្ដើមការចរចារយៈពេល ២ឆ្នាំ ដើម្បីធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងដែលចាកចេញពីប្លុកមួយនេះ។ ទន្ទឹមនោះអ្នកស្រី May នឹងបញ្ជូនសេចក្ដីជូនដំណឹងទៅក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃស្អែកនេះ នៅពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា ទទួលបានការយល់ព្រមពីព្រះមហាក្សត្រីយ៍ Elizabeth ទីពីរ។
គួរបញ្ជាក់ថា ខណៈដែលអង់គ្លេសកំពុងត្រៀមចាកចេញពីអង់គ្លេសនោះ ដែនដីស្កុតលែនឯណោះវិញ បានព្យាយាមបំបែកចេញពីអង់គ្លេស ដោយសារពលរដ្ឋស្កុតលែនភាគច្រើន ជំទាស់នឹងផែនការចាកចេញពីសហភាពអឺរ៉ុប៕