បក្ស​កាន់អំណាច​បន្ថែម​ថវិកា​ទៅ​ឲ្យ​មន្ត្រី​ថ្នាក់ឃុំ​-​សង្កាត់​នៅមុន​បោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បន្ថែម​ថវិកា​ដល់​សមាជិក​រប​ស់​ខ្លួន​នៅ​ឃុំ​-​សង្កាត់ សម្រាប់​ការចំណាយ​ក្នុងពេល​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ នៅ​ខែមិថុនា​ខាងមុខនេះ ដោយ​សម្រេច​ផ្តល់​ថវិកា បី​លាន​រៀល បន្ថែមទៀត​ក្នុង ១​ឃុំ​-​សង្កាត់ ។​
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ទៀតថា ពីមុន​គណបក្ស​នេះ​បានផ្តល់​ថវិកា​ចំនួន ១០​លាន​រៀល​ម្តង​ហើយ​ក្នុង​មួយ​ឃុំ ឬ​សង្កាត់ តែដោយសារ​មាន​តម្រូវការ​ជាក់ស្តែង​គណ​បក្ស​ក៏​ទម្លាក់​លុយ​បន្ថែម​៣​លាន​រៀល​ទៀត​។​
​លោក សុខ ឥសាន បញ្ជាក់ថា បើ​មួយ​ឃុំ​ឬមួយ​សង្កាត់​ត្រូវ​ចាយលុយ​ចំនួន​១៣​លាន​រៀល មានន័យថា សរុប​ទាំង​ជាង​១៦០០​ឃុំ​និង​សង្កាត់​ទូទាំងប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ចំណាយ​ជាង​៥​លាន​ដុល្លារ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំនេះ​។​
​យ៉ាងណាក៏ដោយ មានការ​រិះគន់ថា ថវិកា​ទាំងអស់នោះ​មិនសូវ​បាន​ធ្លាក់​ដល់ដៃ​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ទេ ប៉ុន្តែ​ក្រុមការងារ​ថ្នាក់ជាតិ​ដែល​ចុះជួយ​មូលដ្ឋាន​ជា​អ្នក​បោះ​មេ​ក្នុងការ​ចាត់ចែង​ចាយលុយ​ទាំងអស់នោះ៕

cpp_150722