ភ្នំពេញ៖អង្គរក្សឧកញ៉ាថោង សារ៉ាត់ ម្នាក់ទៀត ត្រូវលោកលី សុខលេង ចៅក្រមស៊ើបសួររាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនកាលពីវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ពីបទសមគំនិតក្នុងករណីឃាតកម្មគិតទុកជាមុន។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះឈុន ចិត្រា អាយុ៣៨ឆ្នាំ ត្រូវបានកម្លាំងដកហូតបានម៉ូតូម៉ាកC100 ពាក់ស្លាកលេខភ្នំពេញ1T- 7730 ដែលសង្ស័យជា (អ្នកផ្តល់មធ្យោបាយម៉ូតូជិះធ្វើសកម្មភាព) បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នាពេលកន្លងមក ។
សូមបញ្ជាក់ថា ការឃាត់ខ្លួនអង្គរក្ស ម្នាក់ទៀតនេះ ជនដែលពាក់ព័ន្ធ នៃអំពើឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីជាងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៤ កើនឡើងដល់៥នាក់ហើយ ដែលសុទ្ធសឹងតែជាអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់។
កាលពីប៉ុន្មានថ្ងៃមុននេះ ឪពុកម្ដាយ ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវបានតុលាការ ចោទប្រកាន់ និងឃុំខ្លួន ដាក់ពន្ធនាគារ ពីបទលាក់អាវុធខុសច្បាប់និងរារាំងប្រតិបត្ដិការ របស់សមត្ថកិច្ចនោះ ត្រូវបានចៅក្រមស៊ើបសួររាជធានីភ្នំពេញ លោក លី សុខឡេង ចេញដីការដោះលែងក្រៅម៉ោងរដ្ឋបាលឱ្យនៅក្រៅឃុំបណ្តោះអាសន្នដែលធ្វើឱ្យមានការរិះគន់ពីមជ្ឈដ្ឋាននានាយ៉ាងខ្លាំង៕