ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ជនជាតិស្បែកខ្មៅនីសស៊េរីយ៉ា ២៦នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានស្នាក់នៅដោយខុសច្បាប់ពុំមានលិខិតស្នាមអ្វីទាំងអស់ ប្រត្តិបត្តុការាណ៍នេះក្រោមការបញ្ជាលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។
ករណីចុះបង្ក្រាបជនជាតិស្បែកខ្មៅនីសស៊េរីយ៉ា ខាងលើនេះ បានធ្វើ ឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវវ៉ងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនជាតិនីសស៊េរីយ៉ាទាំង២៦នាក់ដែលបានឃាត់ខ្លួនខាងលើ គឺបានស្នាក់នៅដោយខុស ពុំមានលិខិតស្នាមអ្វីទាំងអស់។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការ អំពាវនាវ និងសុំអោយជនបរទេសដែលមកស្នាក់នៅ និងធ្វើការទាំងអស់មកសុំច្បាប់ និង គោរពតាមច្បាប់នៃប្រទេស កម្ពុជាផង បើពុំនោះទេ សមត្ថកិច្ចយើង និងចាត់វិធានការ ដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោ បានបន្តទៀតថា កន្លងមកលោក បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស់ សិប្បកម្ម និងការដ្ឋាននានាទាំងអស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងរោងចក្រ សហគ្រាស សិប្បកម្ម និងការដ្ឋានរបស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់៕
ឃាត់ខ្លួនជនជាតិនីស៊េរីយ៉ា២៦នាក់ដែលលួចលាក់ស្នាក់នៅ និងធ្វើការខុសច្បាប់