ម៉ាឡេស៊ី​អះអាងថា បុរស​ឈ្មោះ គីម ចុ​ល គឺជា​លោក គីម ជុង​ណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អា​ម៉េ​ដ ហ្សា​ហ៊ី​ដ ហា​មី​ឌី បាន​ថ្លែងថា ម៉ាឡេស៊ី​បាន​រកឃើញ​អត្តសញ្ញាណ​សព​លោក គីម ជុង​ណា​ម ដោយ​ផ្អែកលើ​សំណាក DNA ដែល​យកចេញ​កូនប្រុស​របស់លោក គីម ជុង​ណា​ម​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia​។​
​លោក​បញ្ជាក់ថា បុរស​កាន់​លិខិតឆ្លងដែន​ឈ្មោះ គីម ចុ​ល ដែល​ត្រូវគេ​ធ្វើឃាត​នៅ​ម៉ាឡេស៊ី​នោះ​ពិតជា​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​របស់​មេ​នាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ប្រាកដ​មែន​ដោយ​ផ្អែកលើ DNA កូនប្រុស​របស់លោក ដែល​គេ​ជឿជាក់ថា​កំពុង​រស់នៅ​កន្លែង​សម្ងាត់​មួយ​ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។
​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា បុរស​ម្នាក់​នោះ គឺ​ពិតជា​លោក គីម ជុង​ណាំ​… ហើយ​ការបញ្ជាក់​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ DNA កូនប្រុស​របស់លោក​»​។
​ទោះបី​យ៉ាង​ជុំវិញ​ព័ត៌មាន​ថ្មី​ចុងក្រោយ​នេះ មិនទាន់មាន​ប្រតិកម្ម ឬ​ការបកស្រាយ​ណាមួយ​ពី​កូរ៉េខាងជើង​នោះឡើយ ខណៈ​សង្គ្រាម​ការទូតរ​វាង​ប្រទេស​ទាំងពីរ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ហើយ​។ ជាងនេះទៅទៀត គ្មាន​សាច់ញាតិ​ណា​ម្នាក់ ចេញមុខ​ទៅ​ទទួល​សព​នោះឡើយ​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅពេល​ស្ត្រី​ពីរ​នាក់​បាន​ខ្ទប់​ថ្នាំ​គីមី​ពុល VX ទៅលើ​មុខ​របស់លោក នៅឯ​ព្រលាន​យន្ត​អន្តរជាតិ​ទីក្រុង​គួ​ឡា​ឡំ​ពួរ​៕

fn-2017-03-15-16-38-28-0