រាជធានីភ្នំពេញ៖មន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់បានលើកកាំភ្លើងបាញ់ជាច្រើនគ្រាប់ នៅបុរីសម្បត្តិមានហេងកាលពីល្ងាចម្សិលមិញ ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ធ្វើឲ្យផ្អើលកក្រើកក្រុងភ្នំពេញ ព្រោះតែខឹងប្រពន្ធ។ មន្ត្រីនគរបាលនោះ ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះរថយន្តម៉ាក Highlander ស្លាកលេខ៖ នគរបាល 2-7768 ។
ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ យ៉ាងណាក៏ដោយ គេបានដឹងថា ផ្ទះជនបង្កស្ថិតនៅក្នុងបុរីសម្បត្តិមានហេងតែម្តង មូលហេតុផឹកស្រវឹងខឹងប្រពន្ធ ក៏បានបាញ់តែម្តង។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ ។
ទោះបីយ៉ាងណារហូតមកដល់ពេលនេះជនបង្កកំពុងតែរត់ការ ដើម្បីកុំឲ្យមានការឃាត់ខ្លួន ឬនាំខ្លួនទៅសួរនាំ ព្រោះខ្លាចនាំឲ្យប៉ះពាល់ដលកិត្តិយសរបស់ខ្លួន៕