អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​អ្នកលក់​ផ្លែឈើ​ចាក់​លិច​មួយ​កន្ត្រៃ​រងរបួស​ធ្ងន់​ធ្ង​រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​ភ្នំពេញ​៖​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់រ​ងរ​បួស​ស្មា​ឆ្វេង​ធ្ងន់ធ្ងរ ដោយ​លិច​កប់​មួយ​កន្ត្រៃ ផ្តើមចេញពី​ជម្លោះ​ពាក្យសម្តី រវាង​អ្នកលក់​ផ្លែឈើ​ជាមួយ​អ្នករត់ម៉ូតូឌុប កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណតរថយន្ត​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ជនបង្ក​មានឈ្មោះ ទី សុវណ្ណ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក​ផ្លែឈើ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឃ្លោក ឃុំ​ស្វាយ​តា​យាង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។​
ចំណែក​ជនរងគ្រោះ​មានឈ្មោះ សុះ វណ្ណៈ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្មា​ពីក្រោយ កប់​លិច​មួយ​កន្ត្រៃ ធ្ងន់ធ្ងរ​បាញ់​ឈាម​ប្រកាច់​ននៀល​ដី ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1K-8882 ទៅ​ឈប់​ចត មុខ​ស្ថានីយ​ប្រេង​មួយកន្លែង​តាមផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ដែល​រថយន្ត​តាកស៊ី​ច្រើន​ឈប់​ដឹក​ម៉ូយ ហើយ​ជនរងគ្រោះ​ក៏​ឈប់​រង់ចាំ​រក​ដឹក​ម៉ូយ​ដូច​សព្វដង ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនបង្ក​ក៏​ជិះ​ម៉ូតូ​កូរ៉េ ម៉ាក​ស៊ី​ធី ផ្លើស មួយគ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1E-6423 មាន​ដឹក​កញ្ឆេ​ដាក់​ផ្លែឈើ សម្រាប់​លក់ដូរ​កន្លែង​រថយន្ត​ឈប់​។ ប្រភព​បន្តទៀតថា ខណៈដែល​ជនរងគ្រោះ រត់​ទៅ​ចាប់​ម៉ូយ ហើយក៏​ប៉ះ​នឹង​ជនបង្ក រួច​ជនរងគ្រោះ មិនទាន់បាន​សូមទោស​ភ្លាម ជាប់​ហៅ​ម៉ូយ ស្រាប់តែ​ជនបង្ក​ជេរ​ស្តី​រករឿង រហូត​ឈានដល់​តមាត់​ក ទីបំផុត​ជនបង្ក​ប្រដាប់​ដោយ​កន្ត្រៃ ក៏​យកទៅ​ចាក់ទៅលើ​ជនរងគ្រោះ លិច​កប់​មួយ​កន្ត្រៃ រួច​ដក​បោះចោល​វិញ ឃើញ​ក្នុង​សភាព​របួសធ្ងន់ បាញ់​ឈាម ជនបង្ក​ព្យាយាម​រត់គេច បាន​ចំងាយ ជាង​២០០​ម៉ែត្រ ដល់​មុខ​ខ្ទម​អ្នកតា​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង ត្រូវបាន​ជនរងគ្រោះ​ស្រែក​ដេញតាម​ពីក្រោយ​ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង ដេញចាប់​ជនបង្ក​បាន​ភ្លាមៗ រីឯ​ជនរងគ្រោះ​ហូរឈាម​ខ្លាំងពេក​ខ្សោះ​ឈាម​ដួល​ក្រ​កាច់ រងរបួស​របួសធ្ងន់​ធ្ង​រ សន្លប់​នៅ​កន្លែង ។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ចំណែក​ជនដៃដល់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ។ ដោយឡែក​ម៉ូតូ​២​គ្រឿង​ត្រូវបាន​នគរបាល​យកទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​ចោមចៅ៕

17439879_1848429332062295_327994235_n17407719_1848429338728961_89874293_o 17408215_1848429315395630_975937542_o